សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Saturday, September 25, 2021

រដ្ឋបាលខេត្តសៀមរាប ផ្តល់ស្បៀងអាហារដល់គ្រួសារក្រ១,ក្រ២ ស្ថិតក្នុងតំបន់ក្រហម ក្នុងក្រុងសៀមរាប !

ចំនួនអ្នកទស្សនា: Views

  


សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកនូវស្បៀងអាហារ ដើមី្បធ្វើការផ្គត់ផ្គងដល់បងប្អូនប្រជាពលរដ្ឋគ្រួសារក្រ១,ក្រ២ ចំនួន ១ពាន់គ្រួសារ ដែលមាន ២៣ភូមិ ស្ថិតក្នុងសង្កាត់ចំនួន ៧ នៃក្រុងសៀមរាប ដែលបានបិទខ្ទប់ជាបណ្តោះអាសន្ន ស្ថិតក្នុងតំបន់ក្រហម និងលឿងទុំ។ ក្នុងសកម្មភាពធ្វើការបែងចែកនូវគ្រឿងឧបភោគបរិភោគនេះ មាន អង្ករ , ត្រីខ , មី , ទឹកត្រី ,ទឹកស៊ីអុីវ , សាច់ជ្រូក ,ស្ករសរ និងពង់មាន់ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់ឯកឧត្តម គុជ លីណា អនុប្រធានគណ:កម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត និង ឯកឧត្តម ប្រាក់ សុភ័ណ្ឌ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ដោយ មានការចូលរួមពីសមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាក្រុង និងប្អូនៗយុវជនកាកបាទក្រហមកម្ពុជាខេត្ត ជាច្រើននាក់ ចូលរួម ក្នុងការចុះចែកជូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ នៅព្រឹកថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ២០២១នេះ ។

តាមការបញ្ជាក់របស់ឯកឧត្តម គុជ លីណា បានឲ្យដឹងថា ដើមី្បអនុវត្តទៅតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការជម្រុញយកចិត្តទុកដាក់អំពីសុខមាភាព ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ សំខាន់ គ្រួសារក្រ១,ក្រ២ ក្នុងបរិបទកូវិដ-១៩នេះ ។ ដោយខេត្តសៀមរាបទទួលរងនូវស្ថានភាព នៃការរីករាលដាលជម្ងឺកូវិដ នេះកាន់តែមានសន្ទុះកើនឡើង ហើយរដ្ឋបាលខេត្ត បានសម្រេចធ្វើការបិទខ្ទប់ភូមិសាស្ត្រ ភូមិ សង្កាត់មួយចំនួន ជាបណ្តោះអាសន្ន ក្នុងការកាត់ផ្តាច់ខ្សែចម្លងនៃជម្ងឺកូវិដ-១៩ នៅក្នុងសហគមន៍។ ដោយកត្តានេះហើយ ឯកឧត្តម ទៀ សីហា ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាល នៃគណ:អភិបាលខេត្តសៀមរាប បានបញ្ចេញនូវស្បៀងអាហារ ដែលទទួលបានពីបងប្អូនសប្បុរសជន ក្នុង និងក្រៅខេត្ត ដើមី្បធ្វើការផ្គត់ផ្គង់ជូនបងប្អូនជួបការខ្វះខាត ក្នុងពេលដែលរដ្ឋបាលខេត្តបានបិទខ្ទប់ និងកំណត់ជាតំបន់ក្រហម រយ:ពេល ២សប្តាហ៍នេះ ដោយផ្តោតសំខាន់ចំពោះបងប្អូនគ្រួសារក្រ១,ក្រ២ ដែលជាអ្នកងាយរងគ្រោះបំផុត គឺត្រូវធ្វើការផ្តល់ជូនបងប្អូននៅតាមខ្នងផ្ទះផ្ទាល់ ក្នុងការកាត់បន្ថយការជួបជុំ ប្រមូលផ្តុំទៀតផង។ ចំពោះការឧបត្ថម្ភពេលនេះ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ១០គ.ក្រ ,មី ១កេស , ត្រីខ ១យួរ , សាច់ជ្រូក ១គ.ក្រ , ទឹកត្រី១ដប , ទឹកស៊ីអុីវ ១ដប , ស្ករស ១គ.ក្រ និងពង់មាន់ ១០គ្រាប់ ដែលជាដំណោះស្រាយ ក្នុងគ្រាលំបាកតែប៉ុណ្ណោះ ។

តាមការបញ្ជាក់របស់រដ្ឋបាលក្រុងសៀមរាបបានឲ្យដឹងថា មុនវិបត្តិកូវីដ-១៩ ស្ថិតិប្រជាពលរដ្ឋក្រ១-ក្រ២ នៃក្រុងសៀមរាប មានប្រហែលជា៦ពាន់គ្រួសារ ។ ប៉ុន្តែដោយសារវិបត្តិសកលកូវីដ-១៩ បានបង្កើនតួលេខប្រជាពលរដ្ឋក្រីក្រ នៅក្នុងក្រុងសៀមរាប ដល់ជាង១ម៉ឺនគ្រួសារ។ នៅក្នុងចំនួននេះ ការស្រង់ស្ថិតិសម្រាប់យុទ្ធនាការផ្តល់ការឧបត្ថម្ភជាអង្ករ ដល់គ្រួសារក្រ១-ក្រ២ និងគ្រួសារប្រជាពលរដ្ឋធ្លាក់ខ្លួនក្រដោយសារវិបត្តិកូវីដ-១៩ សម្រាប់តែក្នុងតំបន់ក្រហម មាន ប្រមាណជិត ៧ពាន់គ្រួសារប៉ុណ្ណោះ ។

នៅក្នុងយុទ្ធនាការផ្តល់ស្បៀងអាហារនេះ បានបង្ហាញនូវការពន្យល់ ពីស្ថានភាពដ៏លំបាកនេះ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចក្រុមការងារចុះចែកតាមខ្នងផ្ទះ សូមការយោគយល់អធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋ ដែលការដាក់វិធានការ និងបម្រាមផ្សេងៗ គឺដើម្បីបញ្ជៀសហានីភ័យនៃការឆ្លងកូវីដ-១៩ ក្នុងសហគមន៍ និងសូមឲ្យមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដោយអនុវត្តវិធានការ ៣កុំ និង៣ការពារ ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ Dara

វិធានការ ៣កុំ ៣ការពារ និងវ៉ាក់សាំង រូបមន្តបញ្ជៀសការឆ្លងវីរ៉ុសកូវីដ-១៩ !

ចំនួនអ្នកទស្សនា: Views

  



សៀមរាប៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស មានប្រសាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំងជុំទី១ ជូនប្រជាពលរដ្ឋខេត្តសៀមរាប ចាប់ពីអាយុ១៨ឆ្នាំឡើងត្រូវបានបិទបញ្ចប់ ក៏ប៉ុន្តែរដ្ឋបាលខេត្តបានរៀបចំទីតាំង៣កន្លែង បន្តចាក់ជូនប្រជាពលរដ្ឋដែលអាក់ខានមិនទាន់បានចាក់ ហើយការចាក់វ៉ាក់សាំងដូសជម្រុញ នឹងត្រូវចាប់ផ្តើមនាដើមខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ !

ពីធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ជុំទី១ ជូនប្រជាពលរដ្ឋខេត្តសៀមរាបចាប់ពីអាយុ១៨ឆ្នាំឡើង បានធ្វើឡើង នៅសាលាខេត្តសៀមរាប ក្រោមវត្តមានរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស, ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ។ នៅក្នុងពិធីនេះ ក៏មានវត្តមានផងដែរ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងប្រតិភូមកពីក្រសួងសុខាភិបាល ព្រមទាំងសមាជិក សមាជិកា នៃគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងខេត្តសៀមរាប។

របាយការណ៍ ដែលបង្ហាញដោយអភិបាលខេត្តសៀមរាប ( ឯកឧត្តម ទៀ សីហា ) បានឲ្យដឹងថា៖ តាមផែនការ ប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងដែលត្រូវទទួលការចាក់វ៉ាក់សាំងដូសទី១ មានចំនួនជាង៦៨ម៉ឺននាក់ ហើយការអនុវត្តជាក់ស្តែង គិតត្រឹមថ្ងៃទី២៣ ខែកញ្ញានេះ លទ្ធផលបានចំនួនជាង៦០ម៉ឺននាក់ ស្មើនឹងជិត៩៧% នៅសល់អ្នកដែលមានលទ្ធភាពអាចចាក់បានប្រមាណជាង៣% បើគិតជាតួលេខមានប្រហែលជាង២មុឺននាក់។ ការចាក់ដូសទី២ បានចំនួនជិត ៥៨ម៉ឺននាក់ ស្មើនឹង៩៥% នៃផែនការជាង៦០ម៉ឺននាក់។ ក្រៅពីនេះ នៅមានពលរដ្ឋពុំអាចចាក់បានដោយសារមានបញ្ហាសុខភាពប្រហែលជាង ២ម៉ឺននាក់ និងប្រជាពលរដ្ឋចំណាកស្រុកពុំទាន់ទទួលបានការចាក់វ៉ាក់នេះ មានប្រមាណជាង ៣ម៉ឺននាក់ផ្សេងទៀត។

របាយការណ៍ក៏បានឲ្យដឹងបន្ថែមដែរថា ការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្រោមកិច្ចសហការរវាងក្រុមការងារចម្រុះពេទ្យខេត្ត និងពេទ្យយោធានៅក្នុងយុទ្ធនាការកន្លងមកនេះ មិនត្រឹមតែបានចាក់ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងប៉ុណ្ណោះទេ តែត្រូវបានចាក់ជូនកុមារអាយុ១២ឆ្នាំ ដល់ក្រោមអាយុ១៨ឆ្នាំ និងបានចាក់ជូនផងដែរ កុមារអាយុចាប់ពី៦ឆ្នាំដល់ក្រោម១២ឆ្នាំ ដែលគិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ទទួលបានលទ្ធផលសរុបចំនួនជាង ៧៥ម៉ឺននាក់ ស្មើនឹង ៨០% នៃផែនការសរុបចំនួនជាង៩៥ម៉ឺននាក់។

លោកជំទាវ ឱ វណ្ណឌីន មានប្រសាសន៍ថា សមិទ្ធផល នៃការចាក់វ៉ាក់សាំងកូវីដ-១៩ មកដល់ពេលនេះ បើមិនមានវត្តមាន និងការខិតខំប្រឹងប្រឹងប្រកបដោយភាពទន់ភ្លន់ ការគិតគូរដ៏វៃឆ្លាត នៃសម្តេចតេជោ ហ៊ុន សែន ប្រមុខ នៃរាជរដ្ឋាភិបាលទេនោះ ប្រហែលជាកម្ពុជា មិនអាចមានវ៉ាក់សាំង ចាក់ជូនប្រជាពលរដ្ឋ ជួយសង្គ្រោះសុខភាពប្រជាពលរដ្ឋបានទាន់ពេលវេលានោះឡើយ។

លោកជំទាវ រំលឹកថា កម្ពុជាត្រូវបានបោះជំហ៊ានទៅមុខជានិច្ច លើការងារផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ កាត់បន្ថយហានីភ័យ នៃការរាតត្បាតដោយជម្ងឺកូវីដ-១៩។ សេចក្តីរំលឹកនោះបានបញ្ជាក់ថា៖ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ កម្ពុជាប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង ថ្ងៃទី១៧ ខែកញ្ញា រាជរដ្ឋាភិបាលប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនដល់កុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ បន្ទាប់មកទៀត ថ្ងៃទី១៧ ខែកញ្ញា ២០២១ សម្តេចតេជោបានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ ចាប់ពីអាយុ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ។

យ៉ាងណាក៏ដោយ ការកាត់ផ្តាច់ការឆ្លង និងការចម្លងជម្ងឺកូវីដ-១៩ ចាំបាច់គឺមិនអាចខ្វះបាននូវការចូលរួមពីសហគមន៍ និងមានការទទួលខុសត្រូវដោយចាប់ផ្តើមចេញពីបុគ្គលម្នាក់ៗនោះទេ ក្នុងការការពារខ្លួនកុំឲ្យឆ្លងជម្ងឺកូវីដ-១៩ ។ លោកជំទាវ គូសបញ្ជាក់ថា វ៉ាក់សាំងតែមួយមុខ គឺមិនអាចធានាការឆ្លងបាននោះទេ វ៉ាក់សាំងមានគុណតម្លៃសម្រាប់បង្កើតកងការពារសរីរាង្គមនុស្សឲ្យរឹងមាំ ទប់ទល់មិនឲ្យឈានទៅរកសភាពធ្ងន់ធ្ងរ នៃជម្ងឺ និងកាត់បន្ថយបានអត្រាមរណ:ដោយការរាតត្បាត នៃកូវីដ។ រូបមន្ត បង្ការកូវីដ-១៩ គឺ ៣កុំ ៣ការពារ និងវ៉ាក់សាំង។

ប្រសាសន៍របស់លោកជំទាវ ឱ វណ្ណឌីន បានបង្ហាញនូវការផ្តាំផ្ញើជូនប្រជាពលរដ្ឋខេត្តសៀមរាប ឲ្យបានជ្រាបដែរថា នេះគឺជាការបិទបញ្ចាប់យុទ្ធនាការចាក់វ៉ាក់សាំងជុំទី១ ជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង ក៏ប៉ុន្តែមិនមែនមានន័យថា ត្រូវបានបញ្ឈប់ការចាក់វ៉ាក់សាំងទាំងស្រុងនោះឡើយ។ ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដោយប្រការផ្សេងៗ និងពលករចំណាកស្រុកជាដើម អាចទទួលយកការចាក់វ៉ាក់សាំងនេះបាន ដោយរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាល បានរៀបចំទីតាំងចំនួន៣កន្លែង រួមមាននៅមន្ទីរពេទ្យបង្អែកខេត្ត, មន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ និងនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម។ ក៏ជាការជូនដំណឹងផងដែរ លោកជំទាវ បានឲ្យដឹងថា៖ ការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជម្រុញជូនប្រជាពលរដ្ឋ សម្រាប់ក្រុងសៀមរាបនឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី០២ ខែធ្នូ និងបណ្តាស្រុកនានា ចាប់ផ្តើមចាក់ជូនប្រជាពលរដ្ឋនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ តាមការកំណត់ទីតាំងដោយរដ្ឋបាលខេត្តនៅពេលក្រោយ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ Dara

Friday, September 24, 2021

កងកម្លាំងឈរជើងការពារតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង ទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន

ចំនួនអ្នកទស្សនា: Views



ព្រះវិហារ៖ អង្គភាពទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ លេខ៩ លេខ១២៨ និងកងនគរបាលជាតិ វរសេនាតូចការពារព្រំដែនលេខ៧៩៣ ទទួលបានអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈ ដំណើរអញ្ជើញចុះសាកសួរសុខ ទុក្ខ របស់គណៈប្រតិភូសាលារាជធានីភ្នំពេញ ដឹកនាំដោយលោក ស៊ុយ សេរិទ្ធ អភិបាលរង តំណាងឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ។

ឧត្តមសេនីយ៍ឯកស្រី ឌឹក មេបញ្ជាការង កងទ័ពជើងគោក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ក៏ដូចជានាយ- ពលទាហាន សូមសំដែង នូវមនោសញ្ចេតនា រំភើបរីករាយឥតឧបមា ចំពោះដំណើរចុះសួរសុខទុក្ខ របស់គណៈប្រតិភូសាលារាជធានីភ្នំពេញ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាពមួយ តែងបានយកចិត្តទុកដាក់ រួមសុខរួមទុក្ខ គិតគូរពីទុក្ខលំបាករបស់បងប្អូននៅទីនេះជាប់ជាប្រចាំ ព្រមទាំងបានចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើនដល់អង្គភាពទាំងស្មារតី សម្ភារ ថវិកា សំរាប់កសាងអង្គភាព ក៏ដូចជាថវិកាជូនដល់ដៃបងប្អូនផ្ទាល់ជាដើម។ ឧត្តមសេនីយ៍ឯកស្រី ឌឹកបានថ្លែងបញ្ជាក់ថា៖ កត្តាទាំងអស់នេះ គឺពិតជាបានស បញ្ជាក់ ឲ្យឃើញយ៉ាងច្បាស់ អំពីការអាណិតស្រឡាញ់ យកចិត្តទុកដាក់ រួមសុខ រួមទុក្ខ ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធ រវាងសមរភូមិមុខ និងសមរភូមិក្រោយ រវាងមន្ត្រីរាជការស៊ីវិល ជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ស្របតាមគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវឈ្លាសវៃ ប៉ិនប្រសប់ របស់រាជរដ្ឋាភិបាលកម្ពុជា ដែល មានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រមុខដឹកនាំដ៏ខ្ពង់ខ្ពស់បំផុត នៃយើងទាំងអស់គ្នា។

សូមបញ្ជាក់ថា៖ អំណោយដ៏ថ្លៃថ្លា របស់សម្តេចទាំងទ្វេដែល នាំមកឧបត្ថម្ភដល់អង្គភាពសម្ព័ន្ធ មេត្រីភាព នៅក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌនាពេលនេះរួមមាន៖ ទឹកក្រូច២០០០កេស, មី២០០០កេស, ម៉ាស់ ២០៥,០០០ ម៉ាស់, អាល់កុល ១០០កាន ថវិកាសរុប ១០៥,២៦០.០០០៛, និង ៥៧,៧០០ដុល្លាររបស់រដ្ឋបាលរាជធានីភ្នំពេញ ឧបត្ថម្ភដល់អង្គភាពកងពលធំអន្តរាគមន៍លេខ៣ សម្រាប់សាងសង់រោងដាក់រថយន្តផងដែរ៕ប្រភព៖មន្ទីរព័ត៌មានខេត្តព្រះវិហារ


រដ្ឋមន្រ្តីក្រសួងព័ត៌មានបន្តក្រើនរំលឹកដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវបង្កើនការ អនុវត្តឱ្យបានខ្ជាប់ខ្លួន នូវវិធានការ«៣កុំ ៣ការពារ»

ចំនួនអ្នកទស្សនា: Views

 


ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានក្នុងឱកាសចុះចែកស្បៀងអាហារជូនដល់បងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះស្ថិតក្នុង ឃុំល្វេ និង ឃុំ មហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ បានបន្តក្រើនរំលឹកដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ត្រូវបង្កើនការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ«៣កុំ ៣ការពារ» និងវិធានការបង្ការដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន ភូមិ ឃុំ នៃស្រុកកោះសូទិន ឱ្យបានកាន់តែសកម្មបន្ថែមទៀត។

 នៅក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានបញ្ជាក់ថា  ការបង្កើនការថែ រក្សាសុខភាព និងការពារខ្លួន ឯងគឺចាំបាច់ណាស់ ព្រោះ

វីរុសបំប្លែងថ្មី ប្រភេទ Delta កំពុងរីករាលដាលនៅកម្ពុជា ។ ឯកឧត្តម រដ្ឋមន្រ្តី ក៏បានណែនាំដល់បងប្អូនប្រជាពល រដ្ឋ ដែលកំពុងធ្វើចត្តាឡីស័ក ត្រូវអនុវត្តឱ្យបាន នូវវិធានការសុខាភិបាល និងត្រូវរាយការ ណ៍ជូនមន្ត្រីសុខាភិបាល បន្ទាន់ ក្នុងករណីមានបញ្ហា សង្ស័យ និងអាការ:មិនស្រួលក្នុងខ្លួន ។

      ទន្ទឹមនេះ ឯកឧត្តម ក៏ បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួន នូវវិធានការ «៣កុំ ៣ការពារ» និងត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការ អនាម័យ តាមការណែនាំរបស់ ក្រសួង សុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ។

      សូមបញ្ជាក់ថា ក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួង ព័ត៌មាន និងជាប្រធានក្រុម ការងារថ្នាក់កណ្តាល ចុះមូល ដ្ឋានស្រុកកោះសូទិន រួមដំណើរដោយឯកឧត្តម រដ្ឋ លេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល រួមជា មួយថ្នាក់ដឹកនាំក្រសួងព័ត៌ មាន បាននាំយកនូវស្បៀង អាហារ រួមមាន អង្ករ មី ត្រីខ ទឹកស៊ីអុីវ ទឹកត្រី រួមទាំងអង្ករវីតាមីន យកមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែល កំពុងធ្វើចត្តាឡីស័ក នៅតាមខ្នងផ្ទះ ក្នុង ឃុំ ល្វេ ស្រុកកោះ សូទិន ខេត្តកំពង់ចាម ។

     តាមការបញ្ជាក់របស់អាជ្ញា ធរដែនដី ឃុំល្វេ បានឱ្យដឹងថា អ្នកដែលបានទទួល អំណោយពី ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ នាឱកាសនេះ មានចំនួន ៧ គ្រួសារ ក្នុងនោះ ៥ នាក់ ជាគ្រូពេទ្យ ប្រចាំនៅមណ្ឌលសុខភាព ហើយ ២ នាក់ ជាប្រជាពលរដ្ឋ ដែលត្រូវធ្វើចត្តាឡីស័ក នៅតាមផ្ទះ របស់ខ្លួនឯង។ ប្រជាពលរដ្ឋ ទាំង ៧ គ្រួសារ ដែលធ្វើចត្តាឡីស័ក នាឱកាសនេះ ទទួលបានអំណោយ ពី ឯក ឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដោយក្នុងម្នាក់ៗ ទទួលបាន អង្ករ ២៥ គីឡូក្រាម  ត្រីខ ១ យួរ ទឹកត្រី ១ យួរ ទឹកសុីអុីវ ១ យួរ មី ១ កេស អង្ករវីតាមីន ១ ប្រអប់ និងថវិកា ១០ មុឺនរៀល។  ជូនថវិកាដល់លោកមេឃុំ ល្វេ ៣០ មុឺន រៀល ក្រុមប្រឹក្សាឃុំ មេ ភូមិ និងស្មៀន ១៦ នាក់ និងប្រជាការពារ ៥ នាក់ សរុបថវិកា ៩០ មុឺនរៀល ។

    នៅក្នុងឱកាសនោះ អាជ្ញា ធរដែនដី និងបងប្អូន ប្រជា ពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក បានសំដែងការអរគុណចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងក្រុមការងារ ដែលបាននាំយកនូវស្បៀងអាហារ និងថវិកា មកចែកជូនដោយផ្ទាល់ ដើម្បីជួយសម្រួលជីវភាព ក្នុងពេលកំពុងធ្វើចត្តាឡីស័ក ដោយមិនបានចេញក្រៅផ្ទះបំពេញការងារ ប្រកបរបររកសុី មួយរយៈ។

      ចំពោះអ្នកដែលធ្វើចត្តាឡី ស័ក នៅតាមផ្ទះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ និងក្រុមការងារ តែងនាំយកស្បៀងអាហារ មកចែកជូនជាបន្តបន្ទាប់រួច មកហើយ និង បន្តផ្តល់ជូនបន្ថែមទៀត ដូចជា អង្ករ  មីម៉ាម៉ា ត្រី ខ ទឹកត្រី ទឹកស៊ីអុីវ ប្រគល់ជូនដល់អាជ្ញាធរ ស្រុកកោះសូទិន ទុកសម្រាប់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋកំពុង ធ្វើចត្តាឡីស័ក។

     បន្ទាប់មក ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានអញ្ជើញទៅជួប និងនាំយកអំណោយទៅចែកជូន បងប្អូនប្រជាពលរដ្ឋ ១២ គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័ក តាមបណ្តាខ្នងផ្ទះ ក្នុងឃុំ មហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ៕


Thursday, September 23, 2021

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយអ្នករាយការណ៍ពិសេសរបស់ អ ស ប ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា

ចំនួនអ្នកទស្សនា: Views

 


នៅល្ងាចថ្ងៃទី ២២ ខែ កញ្ញានេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

បានជួបពិភាក្សាការងារជាមួយឯកឧត្តមសាស្រ្តាចារ្យ វិទិត មុនតាប៊ន (Vitit Muntarbhorn) អ្នករាយការណ៍ពិសេសរបស់ អ ស ប ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំព្រះរាជាណាចក្រកម្ពុជាតាមប្រព័ន្ធវីដេអូ នៅភូមិគ្រឹះសម្តេចនាក្រុងតាខ្មៅខេត្តកណ្តាល ។

បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានប្រាប់អ្នកសារព័ត៌មាននៅក្រោយជំនួបថា ក្នុងជំនួបតាមអនឡាញនេះ ឯកឧត្តម មុនតាប៊ន បានសំដែងនូវការកោតសរសើរដ៏ខ្ពង់ខ្ពស់ ចំពោះសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់វិធានការស្រោចវ៉ាក់សាំងដល់ប្រជាជនកម្ពុជា ដើម្បីទប់ស្កាត់ជំងឺកូវីដ -១៩។ ក្នុងឱកាសនេះដែរ ឯកឧត្តមក៏បានគោរពស្នើ សុំស្វែងយល់ពីសម្ដេចតេជោ លើករណី ចំនួន ៤។ ករណីទី១. គឺជាអាទិភាពរបស់កម្ពុជា លើបញ្ហាសិទ្ធិមនុស្ស, ទី២.មេរៀនដែលរៀនបាន អំពីជំងឺកូវីដ-១៩ នៅក្នុងពន្ធនាគារ,ទី៣.ករណីការពង្រីកលំហសេដ្ឋកិច្ច សង្គមស៊ីវិលនិងនយោបាយ និង ករណីទី៤. សូមគោរពស្វែងយល់ ពីសម្តេចតេជោ នូវអ្វីដែលឯកឧត្តមគួរធ្វើ ដើម្បីគាំទ្រដល់កម្ពុជាលើវិស័យសិទ្ធិមនុស្ស។

ជាការឆ្លើយតប សម្តេចតេជោ បានជម្រាបជូនឯកឧត្តមថា ទី១.អាទិភាពរបស់កម្ពុជា តាំងពីដើម ដល់ពេលនេះ គឺដើម្បីសិទ្ធិរស់រានមាន ជីវិតរបស់កម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញផង ស្របតាមអនុសញ្ញាអន្តរជាតិផង ហើយដើម្បីរក្សាសិទ្ធិរស់រានមានជីវិតនេះ កម្ពុជាដាច់ខាត ត្រូវតែរក្សាឲ្យខាងតែបាន នូវសុខសន្តិភាព និងស្ថិរភាពសង្គម រួមជាមួយនឹងចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាជនកម្ពុជា ផងដែរ។ ទី២.កម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ចំពោះអ្នកជាប់ទោស ដែលមានទោសស្រាលជាស្ត្រី និងអ្នកដែលមានកូនជាដើម តាមរយៈរៀបចំ កន្លែងថ្មីជូនពួកគាត់ ឬក៏ផ្ទេរពួកគាត់ទៅកន្លែងថ្មី ចៀសវាងការឆ្លងនូវជំងឺកូវីដ-១៩ ។លើសពីនោះទៀត កម្ពុជាក៏មិនមើលរំលង អ្នកជាប់ទោសទាំងអស់នោះដែរ គឺកម្ពុជាបានផ្ដល់ការចាក់វ៉ាក់សាំង ជូនពួកគាត់ដូសទី១ ដូសទី២រួចហើយ ហើយថែមទាំងត្រៀមរៀប ចំចាក់ដូសទី៣ ជូនទៀតផង។ ទី៣. កម្ពុជាចង់មានបរិស្ថានសង្គមកិច្ច សេដ្ឋកិច្ច និងនយោបាយល្អ ជាមួយនឹងលំហលទ្ធិប្រជាធិបតេយ្យ និងទី៤. អ្វីដែលកម្ពុជា ចង់បានកិច្ចសហប្រតិបត្តិការពីឯកឧត្តម មុនតាប៊ននោះ គឺការបង្កើតនូវបរិយាកាស ដែលមានជំនឿជឿជាក់គ្នា ទៅវិញទៅមក ប្រកបដោយន័យស្ថាបនា ឈានឆ្ពោះទៅមុខ លើបញ្ហាសិទ្ធិមនុស្ស ដែលមិនទម្លាក់កំហុសឲ្យគ្នាទៅវិញទៅមក៕


ឯកឧត្តម ខៀវ កាញារីទ្ធ កាន់បិណ្ឌវេនទី ១ វត្ត ពិភទ្ទរង្សី ហៅចិនដំដែកខាងជើង សង្កាត់ស្រះចក

ចំនួនអ្នកទស្សនា: Views

   

MC : ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញកាន់បិណ្ឌវេនទី ១ វត្ត ពិភទ្ទរង្សី ហៅចិនដំដែកខាង ជើង សង្កាត់ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ក្នុងឱកាសដែលប្រជាពុទ្ធ បរិស័ទខ្មែរ នៅទូទាំងប្រទេស ដែលគោរព ប្រតិបត្តិ ទំនៀម ទម្លាប់ ប្រកាន់ភ្ជាប់ ប្រពៃណី ព្រះពុទ្ធសាសនា ហើយតែង តែធ្វើបុណ្យ ធ្វើទាន នៅគ្រប់រដូវកាលនៃពិធីបុណ្យនីមួយៗ ជារៀងរាល់ឆ្នាំ សម្រាប់ឱកាស នៃពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ ឆ្នាំ២០២១នេះ ។


ពិធីបុណ្យកាន់បិណ្ឌវេនទី១ សម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជ ការក្រសួងព័ត៌មាន នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី ខៀវ កាញា

រីទ្ធ និងលោកជំទាវ ទេព រង្ស៊ី រួមជាមួយ ឯកឧត្តម លោក ជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ទីប្រឹក្សា ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃក្រសួងព័ត៌មាន អញ្ជើញចូលរួមក្នុងពិធីបុណ្យ កាន់ បិណ្ឌ វេនទី១ នៅ វត្តពិភទ្ទរង្សី ហៅចិនដំដែក ខាងជើង សង្កាត់ ស្រះចក ខណ្ឌដូន ពេញ រាជធានីភ្នំពេញ និង បានប្រគេនយាគូ រាប់បាត្រ និងវេរភត្តាហារ ព្រមទាំង និមន្តព្រះសង្ឃដារបង្សុកូល ដើម្បីជាកិច្ចឧទ្ទិសកុសល ជូនចំពោះញាតិកាទាំង៧ សណ្តាន ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមជួបតែសេចក្តីស្ងប់ ក្នុងសុខគតិភព ជារៀងរហូត។

ក្នុងឱកាសនោះដែរ ឯកឧត្តម ខៀវ កាញារីទ្ធ និងលោក ជំទាវ ទេព រង្ស៊ី រួមជាមួយ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងព័ត៌មាន បានចូលរួមបច្ច័យចំនួន២ លានរៀល សម្រាប់រួមចំណែក ក្នុងការកសាងសមិទ្ធផលនានា ក្នុងទីអារាមវត្ត ពិភទ្ទរង្សី ហៅ ចិនដំដែក ខាងជើង។ ជាមួយនេះ បានប្រគេនបច្ច័យដល់ ព្រះចៅអធិការវត្ត ១ លានរៀល ព្រះសង្ឃ ៩ អង្គ ក្នុង ១ អង្គ ៥ ម៉ឺនរៀល លោកតាអាចារ្យ ១ នាក់ ៨ ម៉ឺនរៀល គណ:កម្មការ អាចារ្យវត្ត ១២ នាក់ ក្នុងម្នាក់ ២ ម៉ឺនរៀល ដូនជី ៥ នាក់ ម្នាក់ ២ ម៉ឺនរៀល និស្សិត សិស្ស ស្នាក់នៅរៀនសូត្រ ក្នុងវត្ត ចំនួន ៤៥ នាក់ ក្នុងម្នាក់ ១ ម៉ឺនរៀល ។ ក្រៅពីនេះ ក៏បានចំណាយក្នុងការរៀបចំកម្មវិធីបុណ្យ អស់ចំនួន ២ លាន ៣សែន រៀលផងដែរ។

សូមបញ្ជាក់ថា សម្រាប់ពិធីបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌឆ្នាំនេះ ខុសពីបណ្តាឆ្នាំកន្លង មក ដោយក្រសួងធម្មការ និងសាសនា បានចេញសេចក្តីណែនាំ មួយដោយបញ្ជាក់ថា ដើម្បីរៀបចំបុណ្យនេះ ឱ្យដំណើការ និងប្រព្រឹត្ត ទៅស្របតាមទំនៀមទម្លាប់ និង ប្រពៃណីព្រះពុទ្ធសាសនានិងចូលរួមបដិបត្តិ តាមសេចក្ដីណែនាំនានារបស់រាជ រដ្ឋាភិបាល ក្រសួងសុខាភិ បាល និង អាជ្ញាធរដែនដី តាមសភាពជាក់ស្ដែងនៃទីកន្លែងនីមួយៗ ត្រូវអនុវត្តវិធានការចាំ បាច់នានា សំដៅកាត់ផ្តាច់ និងទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ក្នុង “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលជាជំងឺឆ្លងកាចសាហាវ និង ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរ ។ ដោយត្រូវពាក់ម៉ាស់ វាស់កម្ដៅ រក្សាអនាម័យ លាង ដៃសាប៊ូ ឬអាល់កុល ជែល និង រក្សាគម្លាតសុវត្ថិភាពសង្គម-បុគ្គល ជាពិសេស ត្រូវប្រកាន់ភ្ជាប់ជានិច្ច នូវវិធាន ការ “៣កុំ ៣ការពារ របស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ៕

Wednesday, September 22, 2021

រដ្ឋបាលខេត្តសៀមរាបបន្តដាក់ឃុំ៣ក្នុងស្រុកសូទ្រនិគម ជាតំបន់លឿងទុំចំនួន២សប្ដាហ៍ទៀត

ចំនួនអ្នកទស្សនា: Views

(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បានបន្តដាក់ឃុំកំពង់ឃ្លាំង ឃុំដានរុន និងឃុំកៀនសង្កែ នៃស្រុកសូទ្រនិគម ជាតំបន់លឿងទុំចំនួន២សប្ដាហ៍ទៀត។

យោងតាមសេចក្ដីសម្រេចចុះថ្ងៃទី២១ ខែកញ្ញា ការបន្តដាក់ជាតំបន់លឿងទុំបណ្ដោះអាសន្ត២សប្ដាហ៍ទៀតនេះ រាប់ពីថ្ងៃទី២០ ខែកញ្ញា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ ក្នុងបំណងដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩៕



ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយអនុព័ន្ធយោធាវៀតណាម ប្រចាំនៅកម្ពុជា

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យលោកវរសេនីយ៍ឯកពិសេស ង្វៀន ថាញ់ជីញ អនុព័ន្ធយោធា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារទាក់ទងនឹងការវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការផ្នែកយោធាដែលសម្រេចបានកន្លងមក និងការកំណត់ទិសដៅបន្តសម្រាប់បណ្តាឆ្នាំខាងមុខ នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ម្សិលមិញ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ។

ថ្លែងក្នុងជំនួបនេះ លោកអនុព័ន្ធយោធាវៀតណាម បានជម្រាបជូន មេបញ្ជាការកងទ័ពជើងគោក អំពីលទ្ធផលប្រកបដោយផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ក៏ដូចជាអំពីបញ្ហាប្រឈមមួយចំនួនដែលបានជួបប្រទះកន្លងមក ក្នុងកាលៈទេសៈនៃការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។

លោកក៏បានបញ្ជាក់បន្ថែមផងដែរអំពីការបន្តខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យកិច្ចសហប្រតិបត្តិការលើការងារហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស អាចដំណើរការទៅបានដោយគ្មានការរាំងស្ទះ និងរលូនសមស្របទៅមុខ ជាពិសេសការសម្របទៅនឹងបែបបទគន្លងប្រក្រតីថ្មី។

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានសម្តែងការសាទរចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អ និងជិតស្និទ្ធរវាងរដ្ឋាភិបាល កងទ័ព និងប្រជាជននៃប្រទេសទាំងពីរ ក្នុងរយៈកាលកន្លងមកនេះ ជាពិសេសការជួយឧបត្ថម្ភគាំទ្រគ្នាទៅវិញទៅមកនៅចំពោះមុខការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ដែលជាបញ្ហាប្រឈមរួម និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារវាងកងទ័ពទាំងពីរក្នុងការបន្តថែរក្សារឹតចំណងមិត្តភាព សាមគ្គីភាព ព្រមជាមួយនឹងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យបានកាន់តែរីកចម្រើនប្រសើរឡើងសម្រាប់បណ្តាឆ្នាំខាងមុខ ស្របតាមទិសដៅរបស់ក្រសួងការពារជាតិនៃប្រទេសទាំងពីរ សំដៅធានាបាននូវសន្តិភាព និងវិបុលភាពសម្រាប់ប្រជាជាតិនីមួយៗ ក៏ដូចជាតំបន់ទាំងមូល៕