សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Monday, March 29, 2021

ករណីផ្ទុះអាវុធនៅកោះពេជ្រ សមត្ថកិច្ចចេញអន្តរាគមន៍ ឃាត់ខ្លួនជនបង្កបរទេសចំនួន២នាក់

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ: មានករណីជនជាតិចិន២នាក់ បានផ្ទុះអាវុធចំនួន១គ្រាប់ ក្បែរផ្សាររាត្រីក្នុងទីក្រុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន បង្កការភ្ញាក់ផ្អើលដល់សន្តិសុខ និងសមត្ថកិច្ច ចុះអន្តរាគមន៍ឃាត់ខ្លួនភ្លាមៗ ព្រមទាំងនាំយក រថយន្តស៊េរីទំនើបមួយគ្រឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីចាត់ការតាមនីតិវិធី កាលពីវេលាម៉ោង៩និង១០នាទីយប់ថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២១ ។

តាមប្រភពព័ត៌មានពីសន្តិសុខ ក្នុងមជ្ឈមណ្ឌលទីក្រុងកោះពេជ្រ បានបង្ហើបប្រាប់ឲ្យដឹងថា ដំបូងគេឃើញបុរស២នាក់ ជាជនជាតិចិន បានបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AN-1333 មកក្បែរផ្សាររាត្រី ដោយស្ថានភាពដូចជាស្រវឹងស្រាខ្លាំង ។

បន្ទាប់មកពួកគេក៏បានផ្ទុះអាវុធចំនួន១គ្រាប់ បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ និងសន្តិសុខដែលនៅក្បែរនោះ ក៏បានរាយការណ៍ជូនទៅសមត្ថកិច្ច ឲ្យចុះជួយអន្តរាគមន៍ភ្លាមៗ ។ ក្នុងនោះដែរជនបង្ក ជាជនជាតិចិន បានបន្តបើករថយន្តចុះឡើង ក្នុងបរិវេនកោះពេជ្រ ហើយក៏ជ្រុលទៅបុកបារាស់របស់សន្តិសុខបន្ថែមទៀត ធ្វើឲ្យសន្តិសុខ និងសមត្ថកិច្ចសហការគ្នា ឃាត់ខ្លួនជនបង្កជាជនចិនចំនួន២នាក់ នាំយកទៅអធិការដ្ឋាននគរបាលខណ្ឌចម្ការមន ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធី ។

ចំពោះករណីផ្ទុះអាវុធខាងលើនេះ មិនបណ្ដាលឲ្យនរណាម្នាក់ រងរបួសនោះទេ ដោយមិនដឹងពីមូលហេតុអ្វី បានជាជនបង្កផ្ទុះអាវុធយ៉ាងដូច្នេះផងដែរ ៕

           

បុគ្គលិក៤នាក់ នៃបន្ទប់ព្យាបាលជំងឺ សាន ភីរ៉ូ មាន «វិជ្ជមាន កូវីដ-១៩» , អ្នកធ្លាប់បានទៅ មេត្តាធ្វើតេស្តជាបន្ទាន់

ចំនួនអ្នកទស្សនា: Views


50

ភ្នំពេញ៖បុគ្គលិក៤នាក់ នៃបន្ទប់ព្យាបាលជំងឺ សាន ភីរ៉ូ ស្ថិតនៅមុខផ្សារគីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ត្រូវបាន រកឃើញថា មាន «វិជ្ជមាន កូវីដ-១៩» គឺ ឈ្មោះ ឡាយ ស៊ីណា អាយុ៤៣ឆ្នាំ , ឈ្មោះ ស្រី យ៉ុម អាយុ២៦ឆ្នាំ , ឈ្មោះ សួន ណាម៉ុម អាយុ៦០ឆ្នាំ និង ឈ្មោះ សួន លីជីង អាយុ១៥ឆ្នាំ ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ចេញផ្សាយ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ នេះ ថា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់ពាក់ព័ន្ធជាមួយ បុគ្គលវិជ្ជមាន ទាំង៤នាក់ ឬ ធ្លាប់បានទៅ បន្ទប់ព្យាបាលជំងឺ សាន ភីរ៉ូ ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬ ដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩ ។

ទីតាំងនៅ ស្ថិតនៅ វិទ្យាល័យបាក់ទូក , វិទ្យាល័យបឹងត្របែក , មណ្ឌលសុខភាពចាក់អង្រែក្រោម , មន្ទីរពេទ្យខ្មែរ-សូវៀត , សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និង តាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬ ទៅទីកន្លែងនោះ ៕

   

Sunday, March 28, 2021

ឯកឧត្ដម គឹម សន្តិភាព៖ គ្រួសាររបស់អ្នកស្លាប់ ដោយសារកូវីដ-១៩ មិនអនុញ្ញាតឲ្យគ្រប់គ្រង និងចាត់ចែងសពឡើយ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្ដម គឹម សន្តិភាព បានបញ្ជាក់ថា ការគ្រប់គ្រង និងចាត់ចែងសាកសពដែលមានផ្ទុកមេរោគកូវីដ-១៩ ជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល ដោយសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិមានសមត្ថកិច្ច ដោយមិនអនុញ្ញាតឲ្យគ្រួសារសពជាអ្នកគ្រប់គ្រង និងចាត់ចែងឡើយ។

ឯកឧត្ដម គឹម សន្តិភាព បានសរសេរនៅលើទំព័រហ្វេសប៊ុក នារសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះថា ក្នុងករណី​ដែលមានការសង្ស័យថា សាកសពអាចមានផ្ទុកមេរោគកូវីដ-១៩ គ្រួសារសពត្រូវផ្តល់កិច្ចសហការដល់មន្រ្តីសុខាភិបាល ដើម្បីយកវត្ថុសំណាកពីសពយកទៅវិភាគរកមេរោគកូវីដ-១៩។ ក្នុងអំឡុងពេលរង់ចាំលទ្ធផលនៃការវិភាគ សាកសពត្រូវស្ថិតក្រោមការគ្រប់គ្រង ជាបណ្តោះអាសន្នរបស់ក្រសួងសុខាភិបាល ដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ ថា ក្នុងករណីដែលលទ្ធផល នៃការវិភាគវត្ថុសំណាកបញ្ជាក់ថា សាកសពគ្មានផ្ទុកមេរោគកូវីដ-១៩ នោះទេក្រសួងសុខាភិបាល ត្រូវប្រគល់សាកសពឲ្យគ្រួសារ សពដើម្បីគ្រប់គ្រង និងចាត់ ចែងបន្ត។

សូមជម្រាបថា មាត្រា១៥​ និងមាត្រា២៥ នៃអនុក្រឹត្យស្ដីពី វិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជំងឺកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត បានសរសេរថា​ ការគ្រប់គ្រង និងចាត់ចែងសាកសពដែលមានផ្ទុកមេរោគកូវីដ-១៩ ជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល ដោយសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិមានសមត្ថកិច្ច ដោយមិនអនុញ្ញាតឱ្យគ្រួសារសពជាអ្នកគ្រប់គ្រង និងចាត់ចែងឡើយ។

ចំពោះបុគ្គលដែលធ្វើការចាត់ចែង សាកសពដែលមានផ្ទុកមេរោគកូវីដ-១៩ ល្មើសនឹងបទប្បញ្ញត្តិនៃអនុក្រឹក្យ ត្រូវ​ផ្ដន្ទាទោសជាពិន័យអន្តរការណ៍ ពី៥លានរៀល ទៅ២០លានរៀល (ដោយមិនទាន់គិតដល់ទោសព្រ​ហ្ម​ទណ្ឌ​ផ្សេង​ទៀត)៕ 




Saturday, March 27, 2021

ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ រហូតដល់១៧៩នាក់ ភាគច្រើននៅខេត្តព្រះសីហនុ ខណៈអ្នកជំងឺចំនួន៥៨នាក់ជាសះស្បើយ

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់១៧៩នាក់ ក្នុងនោះករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន១៧៨នាក់ ដែលភាគច្រើនរកឃើញ នៅក្នុងខេត្តព្រះសីហនុ និងម្នាក់ទៀតជាករណីនាំចូល ខណៈអ្នកជំងឺចំនួន៥៨នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ទាំង១៧៩នាក់រួមមាន៖ ម្នាក់ជាបុរសជនជាតិខ្មែរ អាយុ៣១ឆ្នាំ ធ្វើដំណើរមកពីប្រទេសជប៉ុន មកដល់កម្ពុជានៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ និងចំនួន ១៧៨នាក់ផ្សេងទៀត ជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ក្នុងនោះមានជនជាតិខ្មែរ១៣៥នាក់, ជនជាតិចិន៣១នាក់, មីយ៉ាន់ម៉ា១០នាក់, ហ្វីលីពីនម្នាក់ និងន័រវេសម្នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល សៀមរាប និងខេត្តកំពង់ចាម។

ចំណែកអ្នកជាសះស្បើយទាំង៥៨នាក់វិញរួមមាន៖ ២នាក់ជាបុរសជនជាតិឥណ្ឌនេស៊ី ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី មកដល់កម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ និង៥៦នាក់ ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» រួមមានជនជាតិចិន២៩នាក់ និងជនជាតិខ្មែរ ២៧នាក់ដោយទទួលបានលទ្ធផលអវិជ្ជមាន២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

សូមជម្រាបថា គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ២១៤៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១១៣២នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន១០០៥នាក់, ស្លាប់ចំនួន៨នាក់ និង២នាក់ទៀត ស្លាប់ដោយសារការរើថ្នាំញៀនធ្ងន់ធ្ងរ និងស្ទះសរសៃរឈាមបេះដូង ពេលកំពុងទទួលការព្យាបាលជំងឺកូវីដ១៩៕



រដ្ឋមន្ត្រី​មហាផ្ទៃ ណែនាំ​អភិបាល​រាជធានី ខេត្ត សហការ​ជាមួយ មន្ត្រី​សុខាភិបាល ផាកពិន័យ លើ​បុគ្គល ដែល​មិន​ពាក់​ម៉ាស និង​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល

ចំនួនអ្នកទស្សនា: Views

 

ភ្នំពេញៈ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ បានធ្វើ​ការណែនាំ​ទៅ​អភិបាល នៃ​គណៈ​អភិបាល​រាជធានី ខេត្ត​និង​ជា​ប្រធាន​គណៈ បញ្ជាការ ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត សហការ​ជាមួយ​មន្ត្រី​សុខាភិបាល ក្នុងការ​អនុវត្ត ការផាកពិន័យ អន្តរការណ៍​លើ​បុគ្គល ឬ​នីតិបុគ្គល ដែល​មិន​អនុវត្ត នូវ​កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត ជា​ធរមាន​។ នេះ​បើ​យោងតាម​លិខិត​របស់ សម្តេច​ក្រឡាហោម ស ខេង ចុះ​ថ្ងៃទី​២៧ ខែមីនា ឆ្នាំ​២០២១ ។​

​សម្តេច​ក្រឡាហោម ស ខេង បាន​ជម្រាប​ទៅ​អភិបាល នៃ​គណៈ​អភិបាល​រាជធានី ខេត្ត ថាៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួងសុខាភិបាល បានដាក់​ចេញប្រកាស អន្តរក្រសួង លេខ ១៧៨ សហវ​.​ប្រក ចុះ​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២១ ស្តីពី​ការពិន័យ ជា​ប្រាក់​ចំពោះ​បុគ្គល ឬ​នីតិបុគ្គល ដែល​ប្រព្រឹត្ត​អំពើ​ល្មើ​សនឹង​វិធានការ​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការឆ្លង រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ ផ្សេងទៀត​។ ទន្ទឹមនេះ ក្រសួងសុខាភិបាល ក៏បាន​ដាក់ចេញ​ប្រកាស​លេខ ០៨១ ស​.​នក​.​ប្រក ចុះ ថ្ងៃទី​២២ ខែមីនា ឆ្នាំ​២០២១ របស់​ក្រសួងសុខាភិបាល ស្តីពី​កាតព្វកិច្ច​ពាក់ ម៉ាស និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព ក្នុងអំឡុងពេល នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍​។​

​ពាក់ព័ន្ធ​នឹង​ការងារ​នេះ ផ្អែក​តាម​សំណើ​របស់ ក្រសួងសុខាភិបាល និង​ដើម្បី​ចូលរួម​សហការ ក្នុងការ​ទប់ស្កាត់​ការឆ្លង​រាលដាល នៃ​ជំងឺ​កូ​វីដ ១៩ ក្នុង​ព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ឲ្យ​មាន​ប្រសិទ្ធភាព ក្រសួងមហាផ្ទៃ សូម​ណែនាំ​ដល់ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី ខេត្ត និង​ជា​ប្រធាន​គណៈបញ្ជាការ ឯកភាព​រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​ផ្តល់​ការគាំទ្រ និង​គោលការណ៍​ណែនាំ ដល់​គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ត្រូវ​ចូលរួម សហការ ឲ្យ​បាន​ជិតស្និទ្ធ ជាមួយ​មន្ត្រី​សុខាភិបាល ក្នុងការ​អនុវត្ត​ការផាកពិន័យ​អន្តរការណ៍ លើ​បុគ្គល ឬ​នីតិបុគ្គល ដែល​មិន​អនុវត្ត​នូវ កាតព្វកិច្ច​ពាក់​ម៉ាស និង​កាតព្វកិច្ច រក្សា​គម្លាត សុវត្ថិភាព​បុគ្គល ស្របតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត ជា​ធរមាន ។ នៅក្នុង​ការចាត់ចែង អនុវត្ត​ការងារ​ជាក់ស្តែង ប្រសិនបើ​មាន​ជួប​ការលំបាក ឬ​បញ្ហា​ប្រឈម​ណាមួយ​គណៈ​បញ្ជា ការឯកភាព​រដ្ឋបាល​រាជធានី ខេត្ត ត្រូវ​រាយការណ៍ ជូន​ក្រសួងសុខាភិបាល និង​ចម្លងជូន ក្រសួងមហាផ្ទៃ ជាបន្ទាន់​៕










Tuesday, March 23, 2021

ព្រឹកនេះគណៈកម្មការចំពោះកិច្ច ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំង ជូនពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើង

ចំនួនអ្នកទស្សនា: Views



(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមីនា ឆ្នាំ២០២១ ដូចអ្វីដែលបានគ្រោងទុកគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ បានចាប់ផ្តើមយុទ្ធនាការរបស់ខ្លួនក្នុងការចាក់វ៉ាក់សាំង Astra Zeneca ជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ ដែលមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ។

យុទ្ធនាការពន្លឿនការចាក់វ៉ាក់សាំងកូវីដ១៩ជូនមនុស្សវ័យចំណាស់ក្នុងរាជធានីភ្នំពេញនេះ មានរយៈពេល ១៥ថ្ងៃ ដោយចាប់ពីវេលាម៉ោង ៨៖០០នាទីព្រឹកថ្ងៃនេះតទៅ។ ការចាក់វ៉ាក់សាំងនេះ ធ្វើឡើងនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អកនៅក្នុងខណ្ឌទាំង ១៤ក្នុងរាជធានីភ្នំពេញ។

ជាមួយនឹងការបើកយុទ្ធនាការនាព្រឹកនេះ គេបានឃើញអភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ចុះពិនិត្យការចាក់វ៉ាក់សាំងនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក ដែលបានកំណត់ក្នុងការចាក់វ៉ាក់សាំងផងដែរ។ លោកអភិបាលរាជធានីភ្នំពេញ បានចុះណែនាំដល់គ្រូពេទ្យឱ្យចិត្តទុកដាក់ខ្ពស់លើការងារនេះ។ ជាពិសេសត្រូវពិនិត្យឱ្យបានល្អិតល្អន់លើសុខភាពពលរដ្ឋដែលមកចាក់ ហើយត្រូវមានក្រមសីលធម៌វិជ្ជាជីវៈឱ្យបានខ្ពស់ ដោយប្រើកាយវិការឱ្យបានសមរម្យទៅកាន់ប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋដែលមកចាក់វ៉ាក់សាំង ត្រូវបានរៀបចំ និងសម្របសម្រួលដោយអាជ្ញាធរនៅភូមិ និងសង្កាត់នីមួយៗ ដែលបង្កភាពងាយស្រួលដល់ការចាក់។ នៅកន្លែងចាក់វ៉ាក់សាំងនីមួយៗ ក៏បានយកចិត្តទុកដាក់លើវិធានទប់ស្កាត់ការចម្លងជំងឺផងដែរ ដោយមានការពាក់ម៉ាស់ វ៉ាស់កម្តៅ បាញ់អាល់កុល និងរក្សាគម្លាតជាដើម។

ខាងក្រោមនេះជាទីតាំងទាំង១៤ សម្រាប់ចាក់វ៉ាក់សាំងកូវីដ១៩ ជូនដល់ពលរដ្ឋវ័យ៦០ឆ្នាំ នៅរាជធានីភ្នំពេញ៖