សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Monday, May 31, 2021

ក្រុមជម្រើសជាតិកម្ពុជា ចាប់ផ្តើមហ្វឹកហាត់ត្រៀមប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែន មុនគេ

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ : ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ បន្ទាប់ពីចំណាយពេល ៣៨ម៉ោង សម្រាប់ការហោះហើរ និងរង់ចាំនៅតាមអាកាសយានដ្ឋាននានា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានធ្វើដំណើរទៅដល់ប្រទេសបារ៉ែនហើយ កាលពីថ្ងៃ៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១ និងបានចាប់ផ្តើមការហ្វឹកហាត់ នៅថ្ងៃបន្ទាប់ ដើម្បីត្រៀមប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែន នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ វគ្គជម្រុះជុំទី២ ក្នុងពូល C នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក នៅប្រទេសកាតា ឆ្នាំ២០២២ (FIFA WORLD CUP QATAR 2022)។

ក្រុមជម្រើសជាតិកម្ពុជាមានកីឡាករ ២៤នាក់ ដែលដឹកនាំដោយគ្រូបង្គោលជនជាតិជប៉ុន លោក Ryu Hirose និងអ្នកចាត់ការទូទៅ លោក Keisuke Honda រួមទាំងគ្រូជំនួយត្រូវបានធ្វើតេស្តស្វែងរកមេរោគកូវីដ-១៩ នៅប្រទេសបារ៉ែន ប៉ុន្តែលទ្ធផលអវិជ្ជមាន ដែលធ្វើឱ្យក្រុមជម្រើជាតិកម្ពុជាអាចចាប់ផ្តើមហ្វឹកហាត់ ត្រៀមប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែន មុនគេ នាវេលាម៉ោង ១១ និង៣០នាទីយប់ (ម៉ោងនៅកម្ពុជា) នាថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១។ ក្រុមកម្ពុជានឹងត្រូវបន្តជួបប្រកួតជាមួយក្រុមជម្រើសជាតិអ៊ីរ៉ាក់ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ និង១ប្រកួតចុងក្រោយត្រូវប៉ះជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នៅកីឡដ្ឋាននៃប្រទេសបារ៉ែនដូចៗគ្នា។

សូមរម្លឹកថា កាលពីជំនួបជើងទី១ ក្នុងពូល Cនេះបានធ្វើឡើងកាលពីឆ្នាំ២០១៩ ដោយក្រុមម្ចាស់ផ្ទះ ក្រុមកម្ពុជាបានប្រកួតចាញ់ក្រុមភ្ញៀវ បារ៉ែន ដោយលទ្ធផល ០ទល់១, ក្រុមម្ចាស់ផ្ទះកម្ពុជា បានប្រកួតចាញ់ក្រុមភ្ញៀវ អ៊ីរ៉ាក់ ០ទល់៤ និងពេលជួបជាមួយក្រុមម្ចាស់ផ្ទះ អ៊ីរ៉ង់ គឺក្រុមភ្ញៀវ កម្ពុជាបានរបូតគ្រាប់បាល់រហូតដល់ ០ទល់១៤។

ក្រុមកម្ពុជាបានធ្លាក់ចេញពីវគ្គជម្រុះជុំទី២ នៅក្នុងពូលCនេះហើយ ដោយឆ្លងកាត់៥ប្រកួតកន្លងមក ស្មើ១ប្រកួត និងចាញ់៤ប្រកួត មាន១ពិន្ទុ ឈរនៅលេខ៥ ក្នុងចំណោម៥ក្រុម (អ៊ីរ៉ាក់ បារ៉ែន អ៊ីរ៉ង់ ហុងកុង កម្ពុជា)។

ដូច្នេះហើយ ៣ប្រកួតចុងក្រោយក្នុងពូល C របស់ក្រុមកម្ពុជា គឺជាប្រកួតបង្គ្រប់កិច្ច ដែល៣ក្រុមត្រូវប៉ះជាមួយក្រុមកម្ពុជា នាដើមខែមិថុនា ខាងមុខឆាប់ៗនេះ សុទ្ធសឹងជាក្រុមខ្លាំងៗ ប្រចាំទ្វីបអាស៊ី ។ បើគិតលើចំណាត់ថ្នាក់ប្រចាំទ្វីបអាស៊ី បច្ចុប្បន្ន គឺក្រុមអ៊ីរ៉ង់ ឈរលេខ២ (ចំណាត់ថ្នាក់ពិភពលោក ឈរលេខ៣១), អ៊ីរ៉ាក់ លេខ៨ (ចំណាត់ថ្នាក់ពិភពលោក ឈរលេខ៦៨) និងក្រុមបារ៉ែន ឈរលេខ១៦ (ចំណាត់ថ្នាក់ពិភពលោក ឈរលេខ៩៨) ខណៈកម្ពុជា ឈរលេខ៣៨ (ចំណាត់ថ្នាក់ពិភពលោក ១៧៤) ៕

អាវុធហត្ថរាជធានីភ្នំពេញ តាមចាប់បុរសម្នាក់មានវិជ្ជមានកូវីដ១៩ ដែលគេចវេសពីការព្យាបាល

ចំនួនអ្នកទស្សនា: Views

 



 ភ្នំពេញ: ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១  នៅរសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នេះ មានបុរសម្នាក់ បានទៅយកសំណាក នៅមណ្ឌលសុខភាពគោករកា ខណ្ឌព្រែកព្នៅ រកឃើញវិជ្ជមានកូវីដ-១៩ ក៏បានធ្វើការគេចខ្លួន ដោយមិនទទួលយកការព្យាបាល បើទោះបីជាក្រុមគ្រូពេទ្យបានព្យាយាមបញ្ចុះបញ្ចូល ពន្យល់ហេតុផលយ៉ាងណាក៏ដោយ។


បន្ទាប់ពីបានទទួលការស្នើសុំ ឲ្យជួយអន្តរាគមន៍ពីក្រុមគ្រូពេទ្យ កម្លាំង គ-អន្តរាគមន៍ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង អាវុធហត្ថខណ្ឌព្រែកព្នៅ សហការជាមួយក្រុមគ្រូពេទ្យក្រសួងសុខាភិបាល បានចេញ ដេញតាមមុខសញ្ញារហូតដល់ចំណុច វាលស្រែមួយកន្លែង ក្នុងភូមិជ្រេស សង្កាត់គោករកា ខណ្ឌព្រែកព្នៅ ពេលនោះសមត្ថកិច្ចនិងក្រុមគ្រូពេទ្យបានព្យាយាមពន្យល់ ណែនាំបុរសរូបនោះ យល់អំពីសារៈប្រយោជន៍នៃការព្យាបាលព្រមទាំងទោសទណ្ឌនៃការគេចវេស តែបុរសរូបនោះនៅតែមិនព្រម ស្ម័គ្រចិត្តទទួលយកការព្យាបាល ថែមទាំងរើសដុំថ្ម ព្យាយាមវាយប្រហារមកលើសត្ថកិច្ចថែមទៀតផង ដោយមានការហ៊ុព័ទ្ធនិងបង្ខំ ពីសមត្ថកិច្ច បុរសនោះក៏ព្រមឡើងរថយន្តជាមួយ ក្រុមគ្រូពេទ្យ ដើម្បីទៅធ្វើការព្យាបាល នៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាល វិទ្យាល័យ ហ៊ុន សែន បុរី១០០ខ្នង។

បុរសខាងលើនោះមានឈ្មោះ ជា គា ភេទ ប្រុសអាយុ ៣៩ឆ្នាំ ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។



យោងតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ករណីគេចវេសពីការព្យាបាលនេះ ត្រូវប្រឈមនឹង ការផ្តន្ទាទោសដាក់ពន្ធាគាពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ៥លានរៀល ទៅ ២០លានរៀល តែបើ មានការចម្លងដល់អ្នកដទៃ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៥ឆ្នាំ ទៅ ១០ឆ្នាំ ជាមិនខាន។



អាវុធហត្ថរាជធានីភ្នំពេញ សូមធ្វើការអំពាវនាវម្តងហើយម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋដែល វិជ្ជមានជំងឺកូវីដ-១៩ សូមមេត្តាចូលរួមអនុវត្តតាមវិធានការព្យាបាល របស់ក្រសួងសុខាភិបាល ដោយការ អត់ធ្មត់ដើម្បីឲ្យជាសះស្បើយ ជៀសវាងរត់គេចដែលអាចនាំទុក្ខដល់សុខភាពខ្លួនផង នាំទុក្ខដល់អ្នកដ៏ទៃក្នុងក្រុមគ្រួសារនិងសហគមន៍ផង និង ត្រូវមានទោសទណ្ឌ ជាប់ពន្ធនាគាររយៈពេលវែងផងដែរ៕







Sunday, May 30, 2021

នាយករដ្ឋមន្រ្តីអង់គ្លេស បានរៀបការជាមួយគូដណ្តឹងក្នុងពិធីដ៏តូចមួយនៅឯវិហារ Westminster

ចំនួនអ្នកទស្សនា: Views

(ឡុងដ៍)៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានរៀបការជាមួយគូដណ្តឹងរបស់លោកគឺលោកស្រី Carrie Symonds នៅក្នុងពិធីរៀបអាពាហ៍ពិពាហ៍ដែលបានគ្រោងទុកជាសម្ងាត់ នៅវិហារ Westminster។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី៣០ ខែឧសភា ឆ្នាំ២០២១។

អ្នកនាំពាក្យវិមាន Downing Street បានគូសបញ្ជាក់ថា ពិធីមង្គលការបានប្រព្រឹត្តទៅក្នុងពិធីតូចមួយ នៅរសៀលថ្ងៃសៅរ៍សប្តាហ៍នេះ។

អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា ប្តីប្រពន្ធនេះនឹងប្រារព្ធពិធីជួបជុំជាមួយក្រុមគ្រួសារ និងមិត្តភក្តិនៅរដូវក្តៅខាងមុខនេះ។

គួរបញ្ជាក់ថា លោក Boris Johnson វ័យ ៥៦ឆ្នាំរូបនេះ គឺជានាយករដ្ឋមន្រ្តីអង់គ្លេសដំបូងគេបំផុត ដែលបានរៀបការក្នុងកំឡុងពេលកំពុងកាន់តំណែង ក្នុងរយៈពេលជិត ២០០ឆ្នាំមកនេះ។ នាយករដ្ឋមន្រ្តីចុងក្រោយគេដែលបានរៀបការកំឡុងពេលកំពុងកាន់តំណែង គឺលោក Robert Banks Jenkinson ក្នុងឆ្នាំ ១៨២២៕

ឯកឧត្តម ជៀង អំ ចុះពិនិត្យមណ្ឌលចត្តាឡីស័ក​ និងកន្លែងព្យាបាលអ្នកកើតជំងឺកូវីដ-១៩​ ស្ថិតនៅវិទ្យាល័យត្រពាំងក្រហម ក្នុងស្រុកកូនមុំ

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ : ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី​ ចុះពិនិត្យស្ថានភាពមណ្ឌលចត្តាឡីស័ក និងប្រគល់អំណោយជាគ្រឿងឧបភោគ​ បរិភោគ ជូនក្រុមគ្រូពេទ្យ និងកម្លាំងប្រចាំការ នៅមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យត្រពាំងក្រហម​ ក្នុងស្រុកកូនមុំ​ ខេត្តរតនគិរី។

ការចុះពិនិត្យមណ្ឌលចត្តាឡីស័កនេះ ក៏មានការអញ្ជើញចូលពីសំណាក់​ឯកឧត្តម​ ថង​ សាវុនអភិបាលខេត្តរតនគិរី អភិបាលរងខេត្ត​ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ​ ប្រធាន​ អនុប្រធានមន្ទីរដែរពាក់ព័ន្ធ​ លោកអភិបាលស្រុក​ អភិបាលរងស្រុក និងមន្រ្តីចត្តាឡីស័កជាច្រើនទៀតផងដែរ។

នាឱកាសនោះ ឯកឧត្តម ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តរតនគិរី​ បានណែនាំ ដល់រដ្ឋបាលស្រុកកូនមុំ ត្រូវពិនិត្យទីតាំងបំពេញបន្ថែម នៅផ្នែកដែលខ្វះខាត ដោយធ្វើយ៉ាងណាត្រូវបង្ករលក្ខណៈងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋ អាចស្នាក់នៅ ក្នុងអំឡុងពេលធ្វើចត្តាឡីស័កផងដែរ។

ឯកឧត្តម បានលើកទឹកចិត្តដល់មន្ត្រីប្រចាំការនៅតាមមណ្ឌលចត្តាឡីស័កទាំងអស់ ឱ្យបន្តការខិតខំប្រឹងប្រែងបន្តទៀតក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ ព្យាយាមណែនាំពលរដ្ឋដែលមកធ្វើចត្តាឡីស័ក ឱ្យរក្សាអនាម័យខ្លួនប្រាណ រក្សាគម្លាត ជាពិសេសបើសិនជាមានបងប្អូនដែលជាសាច់ញាតិមកសួរសុខទុក្ខ ត្រូវរៀបចំឱ្យពួកគាត់សួរសុខទុក្ខ នៅឱ្យឆ្ងាយពីអ្នកធ្វើចត្តាឡីស័ក ព្រោះថាបើសិនជាមិនមានការរៀបចំដាក់ឱ្យឆ្ងាយទេ គាត់នឹងទៅជិតអ្នកចត្តាឡីស័កជាមិនខាន។

ឯកឧត្តមទេសរដ្ឋមន្រ្តី បានបន្តណែនាំឱ្យមន្រ្ដីប្រចាំការ រៀបចំកន្លែងចត្តាឡីស័ក មានជាកន្លែងអង្គុយលេង ស្រូបយកខ្យល់អាកាស រៀបចំបន្ទប់ឱ្យមានខ្យល់ចេញចូលបានគ្រប់គ្រាន់ ដើម្បីឱ្យគាត់មានអារម្មណ៍ មិនមានភាពធុញថប់ ក្នុងកំឡុងពេលនៃការធ្វើចត្តាឡីស័កនេះ។

​ឯកឧត្តម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ និង ២ចូលរួម របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីការពារខ្លួនពីការចម្លងជំងឺកូវីដ-១៩។

ឆ្លៀតក្នុងឱកាសនេះដែរឯកឧត្តម​ ជៀង​ អំ​ ក៏បាននាំយកសម្ភារៈជូនក្រុមការងារកន្លែងចត្តាឡីស័ក​នៅវិទ្យាល័យត្រពាំងក្រហម​ ដែលអំណោយទាំងនោះរួមមាន៖​ អង្ករ​ ៥០០គីឡូក្រាម,​ ទឹកខ្ពុរមាត់​ ​២០០ដប,​ ម៉ាស​ ០១កេស,​ ទឹកត្រី​ ១០យួរ,​ ទឹកសុីអុីវ​ ១០យួរ​ និងថវិការមួយចំនួនទៀតផងដែរ។

សូមបញ្ជាក់ផងដែរថាចំនួនប្រជាពលរដ្ឋ ដែលបានចូលមក ចត្តាឡីស័កសរុបចំនួន ១៥៧ នាក់ស្រី ៥០ នាក់ក្នុងនោះអ្នកមានវិជ្ជមានសរុបចំនួន ១៣ នាក់ស្រី ០២ នាក់។ អ្នកដែលបានចេញពីមណ្ឌលត្រឡប់ទៅផ្ទះវិញចំនួន ១២៤ នាក់ស្រី៤២នាក់ និងអ្នកកំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលសរុបចំនួន ៣៣ នាក់ស្រី ០៨ នាក់ គិតត្រឹមថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២១ ម្សិលមិញនេះ ៕

ដោយ៖មន្ទីរព័ត៌មានខេត្តរតនគិរី

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តរតនគិរី អញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងនិងចែកអំណោយជូនវរ:ការពារព្រំដែនក្នុងភូមិសាស្ត្រខេត្តរតនគិរី

ចំនួនអ្នកទស្សនា: Views


រតនគិរី​៖ នា​រសៀល​ថ្ងៃ​សៅរ៍ ០៣​រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២១​នេះ ឯកឧត្តម ជៀង អំ រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ខេត្តរតនគិរី បាន​ដឹកនាំ​ក្រុមការងារ​ចុះសួរសុខទុក្ខ កងកម្លាំង និង​ប្រគល់​អំណោយ គ្រឿងឧបភោគ បរិភោគ ជូន​កងកម្លាំង​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន យោធា​ការពារ​ព្រំដែន និង​មន្ដ្រី​ឧទ្យាន​ជាតិ​នៃ​មន្ទីរ​បរិស្ថាន នៅ​ចំនុច​វរ​:​សេនា​តូច​នគរបាល​ការពារ​ព្រំដែន​គោក​លេខ​៦២៣​។

​ការចុះពិនិត្យ​នេះ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​ឯកឧត្តម ថង សាវុន អភិបាលខេត្ត​រតនគិរី អភិបាលរង​ខេត្ត លោក​ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ និង​កងកម្លាំង​ឈរជើង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ជាច្រើនរូប​ទៀត​។​

​ឯកឧត្ដម ជៀង អំ បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​អនុវត្ត​តួនាទី​ក្នុងការ​ការពារ​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​នៅតាម​ព្រំដែន និង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​ជាមួយ​ភាគី​វៀតណាម ក្នុងការ​សម្របសម្រួល​លើ​ការដឹកជញ្ជូន និង​ផ្លាស់ប្តូរ​ទំនិញ​ឆ្លងកាត់​ព្រំដែន បញ្ចៀស​បាន​នូវ​ការកកស្ទះ ជាមួយនិង​ការប្រកាន់​ខ្ជាប់​នូវ​ការ​អនុវត្តតាម​វិធាន​ការបង្ការ​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ របស់​ក្រសួងសុខាភិបាល​បាន​យ៉ាង​ល្អប្រសើរ​។​

​ឯកឧត្ដម ក៏បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​អាជ្ញាធរ​ដែនដី កងកម្លាំង និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​ពង្រឹង​ការចេញ​ល្បាត​តាម​ភូមិសាស្ត្រ​ខ្សែបន្ទាត់​ព្រំដែន ដើម្បី​បង្ការ ទប់ស្កាត់​ការ​លួច​ឆ្លងដែន​ខុសច្បាប់ ហើយ​ក្នុងករណី​មាន​ប្រជាពលរដ្ឋ​ឆ្លងដែន​ចូលមក​កម្ពុជា ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ជាដាច់ខាត នៅ​ទីតាំង​ដែល​រដ្ឋបាលខេត្ត​បានរៀបចំ​រួចជាស្រេច ដោយ​មិនត្រូវ​ឲ្យ​នរណាម្នាក់​ឆ្លងកាត់​ព្រំដែន​ដោយ​មិនបាន​ត្រួតពិនិត្យ និង​មិន​បានធ្វើ​ច​ត្តា​ឡី​ស័ក​នោះទេ​។ ជាមួយគ្នានេះដែរ ឯកឧត្ដម ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​ប្រុងប្រយ័ត្ន និង​ការពារ​ខ្លួន​ជានិច្ច​ពី​ជំងឺ​កូ​វីដ​-១៩ ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​អនាម័យ ពាក់​ម៉ាស់ រក្សា​គម្លាត ឲ្យ​បាន​ត្រឹមត្រូវ ឧស្សាហ៍​លាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ជែ​ល ឬ​អាល់កុល​ជាប្រចាំ និង​ត្រូវ​អនុវត្តតាម​វិធានការ​សុខាភិបាល ៣​ការពារ !!៣​កុំ​!!​ទាំងអស់គ្នា​។

​សូមបញ្ជាក់ថា​អំណោយ គ្រឿងឧបភោគ បរិភោគ ដែល​កងកម្លាំង​វរៈ​សេនា​តូច​នគរបាល​ការពារ​ព្រំដែន និង​យោធា​ការពារ​ព្រំដែន និង​មន្ដ្រី​ឧទ្យាន​ជាតិ​នៃ​មន្ទីរ​បរិស្ថាន ទទួលបាន​នៅពេលនេះ​រួមមាន ៖

- វរ​:​នគរបាល​លេខ​៦២៣ និង​វរ​:​នគរបាល​លេខ​២០៣ ទទួលបាន អង្ករ ៦០០​គីឡូក្រាម , មី​៦០​កេស , ជែ​ល​លាងដៃ ៦០​ដប​, ត្រីខ​១៣​កេស​, ម៉ាស​០១​កេស​, អំបិល​១០០​គីឡូក្រាម និង​ថវិកា​មួយចំនួនទៀត​។

- វរ​:​យោធា​ការពារ​ព្រំដែន​ទទួលបាន អង្ករ​៨០០​គីឡូក្រាម , មី​៨០​កេស​, ជែ​ល​លាងដៃ​៨០​ដប​, ត្រីខ​១៤​កេស​, ម៉ាស​០១​កេស , អំបិល​១០០​គីឡូក្រាម និង​ថវិកា​មួយចំនួនទៀត​។

- មន្ត្រី​ឧទ្យាន​នុ​រក្ស​នៃ​មន្ទីរ​បរិស្ថាន​ទទួលបាន អង្ករ​៥០០​គីឡូក្រាម , មី​៥០​កេស​, ជែ​ល​លាងដៃ​៥០​ដប​, ត្រីខ​១០​កេស​, ម៉ាស​០១​កេស​, អំបិល​៥០​គីឡូក្រាម និង​ថវិកា​មួយចំនួនទៀត​ផងដែរ​៕​ដោយ​៖ មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី 

Saturday, May 29, 2021

គ្រឿងញៀនជិត១គីឡូក្រាម និងជនសង្ស័យ៣នាក់ ត្រូវមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបបាន នៅខេត្តកំពង់ស្ពឺ

ចំនួនអ្នកទស្សនា: Views

 

(កំពង់ស្ពឺ)៖ កម្លាំងជំនាញ (ក៥) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ជនសង្ស័យ៣នាក់ និងរឹបអូសគ្រឿងញៀនជិត១គីឡូក្រាម នៅខេត្តកំពង់ស្ពឺ។

ប្រតិបត្ដិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាន សុទ្ធី នាយករង និងលោកវរៈសេនីយ៍ឯក ជាវ វណ្ណា នាយការិយាល័យ (ក៥) និងសហការជាមួយ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួល ពីលោក ខៃ សុភ័ស្ត ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង ខេត្តកំពង់ស្ពឺ។

ប្រតិបត្ដិការនេះ ធ្វើឡើងនៅចំណុចស្ថានីយ៍ប្រេង PTT បណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិរលាំងសង្កែ ឃុំសុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១០៖២៥នាទី។

ការចុះបង្ក្រាបនេះ ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែន ប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន។

ជនសង្ស័យ៣នាក់ រួមមាន ទី១៖ ឈ្មោះ ភុំ បេន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ, ទី២៖ ឈ្មោះ ភុំ សំបូរ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ, ទី៣៖ ឈ្មោះ អាន ចិត្រា ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ និងវត្ថុតាងចាប់យកបាន ម្សៅសសង្ស័យមេតំហ្វេតាមីន (ICE) ចំនួន១កញ្ចប់ធំ ស្មើទម្ងន់៩៨៨,២៧ក្រាម។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ស្ពឺ តាមនីតិវីធី៕

សម្តេចតេជោ ហ៊ុន សែន៖ ខែមិថុនា វ៉ាក់សាំងនឹងមកដល់ប្រមាណ ៤.៥លានដូសទៀត ធ្វើឱ្យកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់ចាក់ជូនប្រជាពលរដ្ឋតាមផែនការ(មានvideo)

ចំនួនអ្នកទស្សនា: Views

 


ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ប្រមាណ ៤.៥លានដូសទៀត នឹងមកដល់ប្រទេសកម្ពុជា នៅខែមិថុនានេះ។ សម្តេចតេជោ បានបញ្ជាក់ដែរថា ផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ឱ្យបាន ១០លាននាក់ អាចសម្រេចត្រឹមដំណាច់ឆ្នាំ២០២១នេះ ឬត្រឹមដើមឆ្នាំ២០២២។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងតាមរយៈសារសំឡេងពិសេសស្តីពីផែនការចាក់វ៉ាក់សាំងកូវីដ១៩ នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែឧសភា ឆ្នាំ២០២១នេះ។

ក្នុងសារសំឡេងនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជានឹងមានវ៉ាក់សាំងកូវីដ១៩ គ្រប់គ្រាន់ ដើម្បីចាក់ជូនប្រជាពលរដ្ឋគ្រាន់តែមុន និងក្រោយប៉ុណ្ណោះ។ សម្តេចតេជោ ហ៊ុន សែន បានស្នើប្រជាពលរដ្ឋយោគយល់ និងរង់ចាំការចាក់វ៉ាក់សាំងតាមផែនការដែលរាជរដ្ឋាភិបាលបានរៀបចំ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ដែរថា កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចំនួន ១០លាននាក់ នៅក្នុងឆ្នាំនេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះ «យើងនឹងមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីចាក់។ តាមគម្រោងនឹងមកប្រមាណ ៤លាន ៥សែនដូសទៀត សម្រាប់ខែមិថុនា និងមកជាបន្តបន្ទាប់។ យើងនឹងអាចចាក់យ៉ាងហោចណាស់ក្នុង ៥លាន ទៅ ៦លាននាក់ មុនដំណាច់ឆ្នាំនេះ ក្នុងចំណោម ១០លាននាក់។ ហើយយើងនឹងខិតខំធ្វើឱ្យសម្រេចនូវការចាក់វ៉ាក់សាំង ១០លាននាក់នៅក្នុងឆ្នាំនេះ ឬយឺតបំផុត នៅដើមឆ្នាំក្រោយតែម្តង ដើម្បីឱ្យប្រជាពលរដ្ឋរបស់យើងទទួលបាននូវ៉ាក់សាំងគ្រប់ៗគ្នា»

បើទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមិនទាន់ទទួលបានវ៉ាក់សាំង ត្រូវបន្តប្រកាន់ខ្ជាប់វិធានការពារខ្លួនពីជំងឺកូវីដ១៩ ដោយប្រើវិធាន «៣ការពារ និង៣កុំ» ហើយសម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងរួចហើយ ក៏មិនត្រូវបោះបង់វិធាននេះផងដែរ។

សម្តេចតេជោ បានអំពាវនាវយ៉ាងដូច្នេះ «ក្នុងពេលវេលានេះត្រូវប្រើប្រាស់ [៣ការពារ ៣កុំ] ការពារខ្លួនឱ្យខាងតែបានសិនទម្រាំវ៉ាក់សាំងទៅដល់ ហើយបើទោះបីជាអ្នកបានចាក់វ៉ាក់សាំងហើយក៏ដោយ ក៏មិនត្រូវភ្លេច [៣ការពារ និង៣កុំ] ព្រោះវ៉ាក់សាំងមិនអាចទប់បានគ្រប់ការចម្លងនោះទេ គឺយើងត្រូវប្រើប្រាស់វ៉ាក់សាំងផង និងវិធីការពារខ្លួនពីកូវីដ១៩ផង»

សូមបញ្ជាក់ថា កម្ពុជា បានទទួលវ៉ាក់សាំងជាលើកដំបូងនៅក្នុងខែកុម្ភៈ។ រហូតមកដល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងក្នុងដៃជាង ៦លានដូស។ តាមរយៈវ៉ាក់សាំងនេះ កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង ២.៤លាននាក់ ស្មើនឹងជាង ២៤ភាគរយ នៃចំនួនប្រជាពលរដ្ឋដែលនឹងត្រូវចាក់វ៉ាក់សាំង។

លទ្ធផលចាក់វ៉ាក់សាំងដែលសម្រេចបាននេះ ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសឈរនៅលំដាប់ទី២ ក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសសិង្ហបុរី ជាប្រទេសដែលចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានច្រើន និងលឿន៕


Friday, May 28, 2021

តម្លៃសេវាទឹកកខ្វក់នឹងបញ្ចូលក្នុងវិក្កយបត្រតែមួយជាមួយទឹកស្អាត

ចំនួនអ្នកទស្សនា: Views

 


តម្លៃសេវាទឹកកខ្វក់ នឹងត្រូវបញ្ចូលក្នុងវិក្កយបត្រតែមួយជាមួយទឹកស្អាត បន្ទាប់ពីក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ឯកភាពគ្នាជាធ្លុងមួយក្នុងការដាក់ឱ្យអនុវត្តនូវសេវាកម្មនេះ។ ឯកឧត្តម កឹម បូរី អនុរដ្ឋលេខា ធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រង និងសម្របសម្រួលគម្រោងអភិវឌ្ឍន៍សមត្ថភាពសម្រាប់ការងារគ្រប់គ្រងទឹកកខ្វក់ មានប្រសាសន៍ថា ការដាក់ បញ្ចូលតម្លៃសេវាទឹកកខ្វក់ទៅក្នុងវិក្កយបត្រទឹកស្អាត គឺជាយន្តការមួយ ដែលនឹងរួមចំណែកដល់ការធានាបាននូវនិរន្តរភាព នៃការវិនិយោគលើវិស័យនេះ។ ការថ្លែងបញ្ជាក់នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបស្តីពីបេសកកម្មគាំទ្រដល់ការងារអនុវត្តគម្រោងលើកទី៤នៃ គម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមហិរញ្ញប្បទានសម្បទានរបស់ធនាគារពិភពលោក ដែលរៀបចំឡើងដើម្បីពិនិត្យពិភាក្សា លើយន្តការកំណត់ និងការប្រមូលថ្លៃសេវាប្រើប្រាស់ប្រព័ន្ធលូ និងប្រព័ន្ធចម្រោះទឹកកខ្វក់ សំដៅធានាដល់ការទ្រទ្រង់លើការវិនិយោគក្នុងវិស័យនេះ និងជំរុញប្រតិបត្តិការ និងថែទាំប្រព័ន្ធចម្រោះទឹកកខ្វក់ ប្រកបដោយសមធម៌និរន្តរភាព ជាពិសេសក្នុងគោលបំណងចូលរួមថែរក្សាអនាម័យ សុខភាពសាធារណៈ ព្រមទាំងលើកកម្ពស់សោភ័ណភាព និងកែលម្អបរិស្ថានធម្មជាតិ។ អង្គប្រជុំដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន និង មន្រ្តីគម្រោងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវា នុវត្តន៍ តំណាងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ តំណាងធនាគារពិភពលោក និងភាគីពាក់ព័ន្ធ បាន ពិនិត្យទៅលើការងារបច្ចេកទេស កិច្ចការលទ្ធកម្ម កិច្ចការ ហិរញ្ញវត្ថុ កិច្ចគាំពារបរិស្ថាននិងសង្គម ដែលបានអនុវត្តកន្លងមក បញ្ហាប្រឈម និងដំណោះស្រាយ ដើម្បីជំរុញការអនុវត្តន៍នូវសកម្មភាពការងារនៃគម្រោងលើកកម្ពស់ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យទៅតាមផែនការដែលគ្រោងទុក។ សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បាននិងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ក្នុងគោលបំណងថែរក្សាអនាម័យបរិស្ថាន ធ្វើឱ្យប្រសើរឡើងដល់ការគ្រប់គ្រងទឹកកខ្វក់ ព្រមទាំងរៀបចំចម្រោះទឹកកខ្វក់ និងប្រព័ន្ធលូនៅក្នុងគម្រោងអភិវឌ្ឍន៍ និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ឱ្យស្របតាមកម្រិតបទបញ្ញត្តិបច្ចេកទេស និងស្តង់ដារបរិស្ថាន៕វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២៨ ០៥ ២០២១


មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច ចុះសង្កេតមើលដំណើរការនៃការកំណត់អត្តសញ្ញាណគ្រួសារ មានការលំបាកផ្នែកជីវភាព ក្រោយពេលបិទខ្ទប់

ចំនួនអ្នកទស្សនា: Views