សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Saturday, June 12, 2021

ក្រសួងបរិស្ថាន ចាត់ទុកមន្ត្រីឧទ្យានុរក្សជាឆ្មាំព្រៃ មិនមែនត្រឹមតែបំពេញភារកិច្ចតាមតួនាទី ឯកសណ្ឋានទេ តែជាឪពុកម្តាយ​ ដែលកំពុងថែរក្សាធនធានធម្មជាតិសម្រាប់កូនៗជំនាន់ក្រោយ

ចំនួនអ្នកទស្សនា: Views

 


  ព្រះវិហារ: ថ្ងៃទី១២ ខែមិថុនា   ឆ្នាំ២០២១

មន្រ្ដីជាន់ខ្ពស់ក្រសួងបរិស្ថានបានចាត់ទុកមន្រ្តីឧទ្យានុរក្សដែលកំពុងបំពេញតូនាទី ដើម្បីបុព្វហេតុបរិស្ថាននិងធម្មជាតិបច្ចុប្បន្នបានពុះពារប្រឈមនឹងឧបសគ្គ និងហានិភ័យខ្ពស់គ្រប់យ៉ាងដើម្បីអនុវត្តន៍កាតព្វកិច្ចរបស់ខ្លួនជាប្រចាំថ្ងៃនៅសមរភូមិនៃការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃក្នុងតំបន់ការពារធម្មជាតិនិងរបៀងអភរិក្សជីវៈចម្រុះរបស់កម្ពុជា។

នេះជាការថ្លែងរបស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការនិងជាមន្រ្តីនាំពាក្យក្រសួងបរិស្ថាននៅចំពោះមុខមន្ត្រីឧទ្យានុរក្សនៅស្នាក់ការអូរកក់ក្នុងដែនជម្រកសត្វព្រៃព្រះរការ ក្នុងភូមិសាស្ត្រ ខេត្តព្រះវិហារ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ អំឡុងពេលដែលឯកឧត្តមបានដឹកនាំប្រតិភូក្រសួងបរិស្ថាននិងក្រុមអ្នកសារព័ត៌មាន ចុះទៅបំពេញទស្សនកិច្ចនិងឈ្វេងយល់ពីការគ្រប់គ្រងនិងអភិរក្សតំបន់ការពារធម្មជាតិ និងជីវៈចម្រុះ និងការអភិវឌ្ឍសហគមន៍មូលដ្ឋាន ព្រមទាំងជីវភាពរបស់ពលរដ្ឋនៅក្នុងសហគមន៍តំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងថា “បច្ចុប្បន្នអ្វីដែលមន្ត្រីឧទ្យានុរក្សកំពុងធ្វើ គឺមិនមែនគ្រាន់តែធ្វើក្នុងនាមតែជាមន្ត្រីឧទ្យានុរក្ស ដែលត្រូវបំពេញជាតួនាទីទៅតាមភារកិច្ចនៃឯកសណ្ឋានជាមន្ត្រីឧទ្យានុរក្សប៉ុណ្ណោះទេ តែពួកគាត់ធ្វើក្នុងនាមជាឪពុក ម្តាយ ដែលកំពុងតែថែរក្សា និងការពារនូវមរតកធនធានធម្មជាតិដ៏សម្បូរបែបសម្រាប់កូនចៅជំនាន់ក្រោយ”។

ឯកឧត្តមរដ្ឋលេខាធិការបានសម្តែងនូវការកោតសរសើរពីការលះបង់ និងការប្តេជ្ញាចិត្តខ្ពស់របស់មន្ត្រីឧទ្យានុរក្សទាំងអស់ក្នុងការថែរក្សា និងការពារធនធានធម្មជាតិ សត្វព្រៃ ទីជម្រកធម្មជាតិ និងប្រព័ន្ធអេកូឡូស៊ីដែលកម្ពុជាមាន។

ឯកឧត្តមបានមានប្រសាសន៍ថា មន្រ្តីឧទ្យានុរក្សអនុវត្តកាតព្វកិច្ចរបស់ខ្លួនជារៀងរាល់ថ្ងៃដោយមិនខ្លាចនឿយហត់ និងបានលះបង់ខ្ពស់ក្នុងបុព្វហេតុការពារនូវធនធានធម្មជាតិ សត្វព្រៃដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន។ ទាំងនេះវាក៏បង្ហាញពីទឹកចិត្តមោះមុតដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសដូចជា ការបរបាញ់សត្វព្រៃខុសច្បាប់ ការកាប់ព្រៃឈើខុសច្បាប់ និងនេសាទខុសច្បាប់ជាដើម។

ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍សង្កត់ធ្ងន់ថា មន្រ្តីរបស់យើងត្រូវប្រឈមនឹងហានិភ័យ ស្ថានភាពលំបាក និងប្រឈមនឹងគ្រោះថ្នាក់ដោយចៃដន្យផ្សេងៗពិសេសជនល្មើសអាចបង្កគ្រោះថ្នាក់នៅពេលមន្រ្តីយើងចុះអនុវត្តន៍ច្បាប់។ ក្រៅពីនេះ ពួកគាត់ក៏ប្រឈមទៅនឹងកត្តាផ្សេងៗទៀតដូចជា ជំងឺ ការឆ្លងកាត់ឧបសគ្គលំបាកៗជាច្រើនក្នុងពេលបំពេញការងារដូចជាទឹកជំនន់ សត្វដែលអាចបង្កគ្រោះថ្នាក់។ល។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញនិងលើកទឹកចិត្តដល់មន្រ្តីឧទ្យានុរក្សមិនត្រូវរុញរាឡើយក្នុងការអនុវត្តច្បាប់ បើទោះបីត្រូវប្រឈមនឹងហានិភ័យនៃការក្លាយជាគោលដៅរបស់ជនល្មើសពោលគឺធ្វើយ៉ាងណាការពារតំបន់ការពារធម្មជាតិឱ្យបានជាប់គង់វង្សយូរអង្វែងដល់កូនចៅយើងជំនាន់ក្រោយរបស់យើង។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ដែរថា បើទោះជាបច្ចុប្បន្ន ចំនួនមន្ត្រីឧទ្យានុរក្សនៅមានកម្រិតនៅឡើយ តែក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៤ ដើម្បីបង្កើនប្រសិទ្ធភាពការពារ និងអភិរក្សធនធានធម្មជាតិ។ យុទ្ធសាស្ត្រទាំងនោះ មានដូចជាការល្បាតចល័តរបស់មន្ត្រីឧទ្យានុរក្ស ការរួមសហការជាមួយសហគមន៍នៅក្នុងតំបន់ការពារធម្មជាតិ និងនៅជាប់តំបន់ការពារធម្មជាតិ និងការអប់រំផ្សព្វផ្សាយពីសារប្រយោជន៍ព្រៃឈើទៅកាន់ប្រជាពលរដ្ឋ និងការបង្កើត សេដ្ឋកិច្ចមូលដ្ឋានជូនប្រជាពលរដ្ឋ។

ឯកឧត្តមក៏បានកោតសរសើរចំពោះវីរភាព និងការលះបង់ដ៏មានតម្លៃរបស់មន្រ្តីឧទ្យានុរក្ស ហើយជាមួយគ្នាក៏បានបង្ហាញការកោតសរសើរពីស្ថាប័នពាក់ព័ន្ធក្នុងនេះដូចជាអាជ្ញាធរមូលដ្ឋាន ប្រជាសហគមន៍និងពិសេសស្ថាប័នតុលាការដែលតែងបានចូលរួមអនុវត្តន៍ច្បាប់នាកន្លងមកសំដៅធ្វើយ៉ាងណាចូលរួមការពារធនធានធម្មជាតិរបស់យើងឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលទាំងពេលបច្ចុប្បន្ននិងទៅថ្ងៃអនាគត។

គួរបញ្ជាក់ដែរថា បច្ចុប្បន្ននេះមន្ត្រីឧទ្យានុរក្សមានចំនួនសរុបជាង ១ ២០០ នាក់ នៅទូទាំងប្រទេសកម្ពុជា ហើយក្នុងនេះមានមន្ត្រីឧទ្យានុរក្សជាស្ត្រីចំនួន ៤២នាក់ កំពុងឈរជើងនៅតាមតំបន់ការពារធម្មជាតិទាំង ២០ខេត្ត៕

 ប្រភព៖ ក្រសួងបរិស្ថាន

0 comments:

Post a Comment