សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Sunday, June 20, 2021

លោក ហ៊ុន ម៉ា​នី រម្លឹក​ពី​ការយក​ជីវិត​ធ្វើ​ដើមទុន​របស់​សម្តេច​តេ​ជោ​កាលពី​៤៤ ឆ្នាំមុន

ចំនួនអ្នកទស្សនា: Views

 លោក ហ៊ុន ម៉ា​នី បាន​រម្លឹក​ពី​ការយក​ជីវិត​ធ្វើ​ដើមទុន របស់​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​៤៤​ឆ្នាំមុន ដើម្បី​ស្រោចស្រង់​អាយុជីវិត ប្រជាជន និង​ប្រទេស​ចេញពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ។

​នៅលើ​ហ្វេ​ស​ប៊ុ​កលោក​បានសរសេរថា កាលពី​៤៤​ឆ្នាំមុន ពេលវេលា​នេះ ជា​ពេលវេលា​ដ៏​ឈឺចាប់ និង​ជូរចត់​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន ដែល​បុរស​ម្នាក់​ត្រូវ ធ្វើការ​សម្រេចចិត្ត​ដ៏​លំបាក​បំផុត​ក្នុងការ​ចេញដំណើរ​ទៅធ្វើ​បេសកកម្ម​មួយ​ដែល​បាន​ស្រោចស្រង់​អាយុជីវិត​ប្រជាជន និង​ប្រទេស​ពី​ក្រ​ញ៉ាំ​នៃ​របប​ប្រល័យពូជសាសន៍ ៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ​។ គឺ​នៅពេលនោះ​ហើយ ដែល​បុរស​ម្នាក់​នោះ​ត្រូវ​ទុក​ប្រពន្ធ និង​កូន​ជាទី​ស្រលាញ់​ស្មើ​កែវភ្នែក និង​បេះដូង​ដែល​មិនទាន់​បានឃើញ​ពន្លឺ​ថ្ងៃ​ផង ដើម្បី​ទៅ​ស្វែងរក​ការសង្គ្រោះ​ជាតិ​នៅក្នុង​កាលៈទេសៈ និង​ភាព​ប្រថុយប្រថាន ខ្ពស់បំផុត​។

​ការចាប់ផ្តើម​ដំណើរ​ឆ្ពោះទៅ​ការសង្គ្រោះ​ជាតិ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នា​ថ្ងៃទី​២០ ខែមិថុនា ១៩៧៧ គឺជា​ការចាប់ផ្តើម​នៃ​ចលនា​តស៊ូ​មួយ​គួបផ្សំ​នឹង​ចលនា តស៊ូ​នានា​ដើម្បី​ផ្តួលរំលំ​ក្រុមខ្មែរក្រហម និង​បញ្ចប់​ការកាប់សម្លាប់ ប្រល័យ​ពូជ សាសន៍ ទារុណកម្ម និង​របប​ទាសភាព​ហើយ​ផ្តល់ជូន​ប្រជាជន​មកវិញ​នូវ​ការរស់រាន មានជីវិត​សារជាថ្មី ជីវភាព​ថ្លៃថ្នូរ​ព្រមទាំង​ដំណើរ​ស្វែងរក​សន្តិភាព​យូរអង្វែង​មួយ​។​

​លោក​បន្តថា ក្នុងការ​ចងចាំ​នេះ គឺ​បាន​បង្កប់​នូវ​អនុស្សាវរីយ៍​ជាច្រើន​សម្រាប់ សម្តេច​តេ​ជោ​ក្នុងនាម​ជា​បុគ្គល​ផ្ទាល់ ដែល​បាន​ឆ្លងកាត់​នូវ​ពេលវេលា​ដ៏​លំបាក និង​អាក្រក់​បំផុត​ក្នុង​ជីវិត​របស់លោក​។ ការឈឺចាប់​សែន​វេទនា​នេះ កាន់តែ​ធ្វើឱ្យ លោក​ពិបាក​ទ្វេដង​ក្នុងការ​ខាំមាត់សង្កត់ចិត្ត អត់ទ្រាំ​នឹង​ទង្វើ​ដ៏​ព្រៃផ្សៃ​ទាំងឡាយ ដែល​ខ្លួន​លោក​ផ្ទាល់​និង​គ្រួសារ​ដែលជា​ជនរងគ្រោះ​មួយ​ក្នុងចំណោម​ក្រុមគ្រួសារ រាប់លាន​ផ្សេងទៀត បាន​ជួបប្រទះ ដើម្បី​ផ្តោត​ស្រួច​ឆ្ពោះទៅ​ការ​ផ្តួល​រលំ​របប ឃោរឃៅ​មួយ​នេះ និង​ស្វែងរក​សុខសន្តិភាព​ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន​ជាទី ស្រលាញ់​ដ៏​ជ្រាលជ្រៅ​បំផុត​របស់លោក​។

​ដោយសារ​ការតាំង​ចិត្ត លះបង់​ខ្ពស់ និង​ភាព​វៃឆ្លាត​ក្នុងការ​ក្តាប់​សភាពការណ៍ ទាំង​ក្នុង និង​ក្រៅប្រទេស ទើប​បេសកកម្ម​ដ៏​សែន​គ្រោះថ្នាក់ និង​ស្ទើរតែ​គ្មាន​សង្ឃឹម ពី​ពេល​ចាប់ផ្តើម បានប្រែក្លាយ​ទៅជា​ចលនា​រំដោះជាតិ​មាតុភូមិ​ដែល​បាន​នាំ មក​នូវ​ការបង្កើត​រណសិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ថ្ងៃ​២ ធ្នូ ១៩៧៨ និង​ដែល​នាំ ទៅដល់​ជ័យជម្នះ​ដ៏​ត្រចះត្រចង់ នា​ថ្ងៃ​៧ មករា ១៩៧៩​។ ផ្តើមចេញ​ពីថ្ងៃ​២០ មិថុនា ១៩៧៧ នោះ​ហើយ ដែល​ដំណើរ​កម្ពុជា​បានចាប់ផ្តើម​វិល​កង់​ក្នុង​ជំហាន​ស្វាហាប់ និង​ក្នុង​តម្រាយ​ផ្លូវ​ភ្លឺស្វាង​ក្នុងការ​ប​ង្រ​បង្រួម​ជាតិ ឯកភាព​ជាតិ ឯកភាព​ទឹកដី ប្រែក្លាយ​កម្ពុជា​ពី​គំនរ​ផេះផង់ និង​ភាព​ខ្ទេចខ្ទាំ ឆ្ពោះទៅរក​កោះសន្តិភាព វឌ្ឍនភាព និង​វិបុលភាព ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ អ្វីៗ​ដែល យើង​បានឃើញ និង​កំពុង​រស់នៅ ក្នុង​សព្វថ្ងៃ គឺ​កើតចេញពី​ការសម្រេចចិត្ត​និង​ដាក់ចេញ​នូវ​ទស្សនវិស័យ​ច្បាស់លាស់ របស់​មេដឹកនាំ​កម្ពុជា ដែល​កំពុងកាន់​ចង្កូត​នាវា​យើង​សព្វថ្ងៃនេះ​។

​លោក ហ៊ុន ម៉ា​នី បាន​បញ្ជាក់ថា សន្តិភាព គឺ​ពិតជា​រតនសម្បត្តិ​ដ៏​មានតម្លៃ​វិសេស វិសាល​មិន​ត្រឹមតែ​ចំពោះ​ថ្នាក់ដឹកនាំ និង​យុទ្ធជន​នា​សម័យកាល​មុន​ប៉ុណ្ណោះ​ទេ​។ តែ​វារិត​តែមាន​តម្លៃ​សម្រាប់​យើងទាំងអស់គ្នា និង​កូនចៅ​ជំនាន់​ក្រោយ​របស់​កម្ពុជា ថែម​ទៅទៀត​។ ការរក្សា​ឱ្យបាន​នូវ​សុខសន្តិភាព គឺជា​កាតព្វកិច្ច និង​ទំនួល​ខុស ត្រូវ​ខ្ពស់បំផុត​របស់​កូន​ខ្មែរ​គ្រប់រូប​ដើម្បី​ធានាថា​អនាគត​កម្ពុជា​នឹងមិន​អនុញ្ញាតឱ្យ សោកនាដកម្ម​ក្នុង​អតីតកាល​អាចមក​យាយី​គម្រាមកំហែង​ដល់​សន្តិភាព​ដែល យើង​មាននៅ​ពេលនេះ​បានឡើយ ទោះជា​ក្នុងតម្លៃ​ណាក៏ដោយ​៕​








0 comments:

Post a Comment