សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Wednesday, June 9, 2021

រដ្ឋមន្ត្រីក្រសួងរ៉ែ បង្ហាញអត្ថន័យសំខាន់ៗ ៥ចំណុច នៃកែវដំណក់ប្រេងដំបូង ជានិមិត្តរូបនៃធនធានប្រេងកាតរបស់កម្ពុជា

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ នៅក្នុងឱកាសនាំយកកែវដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ទៅតម្កល់ទុកនៅក្នុងវិមានឈ្នះ-ឈ្នះ ដើម្បីទុកជាមរតកសម្រាប់កុលបុត្រខ្មែរ និងជាការចងចាំ នូវសមិទ្ធផលកើតចេញម្លប់សុខសន្តិភាព ដែលរកបានមកដោយនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន, លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ពីអត្ថន័យសំខាន់ចំនួន ៥ចំណុច នៃកែវដំណក់ប្រេងដំបូងដែលជានិមិត្តរូបនៃធនធានប្រេងកាតរបស់កម្ពុជា។

ពិធីប្រគល់ និងទទួលដំណក់ប្រេងជាលើកដំបូងរបស់កម្ពុជា តម្កល់ទុកនៅវិមានឈ្នះ-ឈ្នះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ ក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ស្ថាបនិកនយោបាយ ឈ្នះ-ឈ្នះ ស្ថាបនិកសន្តិភាពនៅកម្ពុជា ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបបន្ថែមទៀត។

លោករដ្ឋមន្ត្រី ស៊ុយ សែម បានបញ្ជាក់ថា អត្ថន័យសំខាន់ៗនៃកែវដំណក់ប្រេងដំបូងរបស់កម្ពុជា ដែលត្រូវបានរៀបចំឡើងតាមរចនាបទខ្មែរនេះមានដូចជា៖

* ទី១៖ កែវដំណក់ប្រេងមានទម្រង់ក្រពុំឈូក ឬស្លឹកពោធិតំណាងឲ្យភាពរុងរឿង បរិសុទ្ធ ការចម្រើនលូតលាស់ ដែលជាកំណប់ទ្រព្យរបស់កម្ពុជា។ កែវដំណក់ប្រេង មានកម្ពស់ ២៩សង់ទីម៉ែត្រ តំណាងឲ្យថ្ងៃទី២៩ ដែលទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា។

* ទី២៖ ជើងពានត្របកឈូក តំណាងឲ្យសេចក្តីខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំរហូតទទួលបាននូវលទ្ធផលផ្លែផ្កា គឺការទទួលបាននូវធនធានប្រេងកាត សម្រាប់អភិវឌ្ឍជាតិ មាតុភូមិកម្ពុជា។ ជើងពានត្របកឈូក មានកម្ពស់ ១២សង់ទីម៉ែត្រ តំណាងឲ្យខែ១២ ឬខែធ្នូ ដែលទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា។

* ទី៣៖ ពានជើងសឹង្ហ និងឋានជើងបាត តំណាងឲ្យការជ្រោមជ្រែងរបស់ប្រជាជនកម្ពុជា និងមន្ត្រីរាជការដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធនានា ក្នុងការខិតខំ ប្រឹងប្រែងធ្វើការងារទាញយកភោគផលនៃធនធានធម្មជាតិដើម្បីយកមកអភិវឌ្ឍសង្គមជាតិ។ ពានជើងសឹង្ហ និងឋានជើងបាតមានកម្ពស់ ២០សង់ទីម៉ែត្រ តំណាងឲ្យឆ្នាំ២០២០ ដែលទទួលបានដំណក់ប្រេងដំបូងរបស់កម្ពុជា។

* ទី៤៖ ក្បាច់កញ្ចាំងភ្លឺភ្លើងលម្អដោយនាគក្បាលបី តំណាងឲ្យតេជះ ភាពចម្រុងចម្រើន សម្បូរសប្បាយ និងតំណាងឲ្យឆ្នាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាសម័យកាលដែលទទួលបាននូវដំណក់ប្រេងដំបូងរបស់កម្ពុជា។

* ទី៥៖ និមិត្តរូបរួមនៃដំណក់ប្រេងដំបូងរបស់កម្ពុជា ត្រូវបានប្រសិទ្ធនាមថា បឋមតេលពិន្ទុកម្ពុជា។ បឋមតេលពិន្ទុកម្ពុជា (ភាសាបាលី) មកពីពាក្យ បឋម ប្រែថាដំបូង + តេល ប្រែថាប្រេង + ពិន្ទុប្រែថាដំណក់ + កម្ពុជា គឺប្រទេសកម្ពុជា។ ប្រែជារួមថា «ដំណក់ប្រេងដំបូងរបស់កម្ពុជា»។

រដ្ឋមន្ត្រីក្រសួងរ៉ែ លោក ស៊ុយ សែម បានបន្ថែមថា ដំណក់ប្រេងដំបូងរបស់កម្ពុជា ដែលទទួលបានក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដ៏លំបាក ដែលគំរាមកំហែងដោយ មេរោគរាតត្បាតកូវីដ-១៩នេះ គឺជាសក្ខីភាពនៃការខិតខំប្រឹងប្រែង អំណត់ព្យាយាម និងពុះពារសម្រេចជោគជ័យរបស់រាជរដ្ឋាភិបាល និងវិនិយោគគិនដែលយើង ទាំងអស់គ្នាសូមចូលរួមកោតស្ញប់ស្ញែងផងដែរ។

សូមបញ្ជាក់ដែរថា សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានគូសបញ្ជាក់ថា ទំហំប្រេងកម្ពុជាទទួលបាននេះ វាជាចំនួនតូចនៅឡើយ មិនទាន់ជះឥទ្ធិពលទៅលើផ្នែក សេដ្ឋកិច្ចនោះទេ។ ប៉ុន្តែវាជាការចាប់ផ្តើមមួយដ៏ល្អ នៃដំណើរការឧស្សាហកម្មប្រេង និងឧស្ម័ននៅកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានលើកឡើងដែរថា ការទាញបានដំណក់ប្រេងនេះ ទោះបីជាចំនួនតិចតួចយ៉ាងណាក្តី តែជាសមិទ្ធផលដ៏រីករាយ និងជាមោទនភាព សម្រាប់ប្រជាជនកម្ពុជា។ សម្តេចតេជោ ស្ថាបនិកនយោបាយឈ្នះ-ឈ្នះ ស្ថាបនិកសន្តិភាពនៅកម្ពុជា បានរំលេចថា ដំណក់ប្រេងនេះគឺជាសមិទ្ធផលកើតចេញពី នយោបាយឈ្នះ-ឈ្នះ ។

សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា ដំណក់ប្រេងជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា គឺជាពរជ័យសម្រាប់ប្រជាជន និងជាតិកម្ពុជា មិនមែនជាបណ្តាសារ ដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះទេ។ សម្រាប់ចំណូលថវិកា បានពីការលក់ប្រេងរបស់កម្ពុជា នឹងយកទៅប្រើប្រាស់ក្នុងវិស័យអាទិភាពចំនួន២ គឺវិស័យអប់រំ និងវិស័យសុខាភិបាល៕




0 comments:

Post a Comment