សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Saturday, August 28, 2021

អភិបាលខេត្តសៀមរាប ចុះពិនិត្យស្ថានភាពទីតាំងកំពង់ផែក្រុមហ៊ុន ស៊ូ ជីង បន្ទាប់ពីរាជរដ្ឋាភិបាលដកហូត ហើយប្រគល់មកឱ្យរដ្ឋបាលខេត្ត និងគ្រឹះស្ថានអង្គរគ្រប់គ្រងជាបណ្តោះអាសន្នវិញនោះ !

ចំនួនអ្នកទស្សនា: Views

 


សៀមរាប៖ កាលពីព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារចម្រុះរបស់គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត អមដំណើរដោយឯកឧត្ដម លោក លោកស្រី ជាអភិបាលរងខេត្ត , តំណាងអយ្យការអមសាលាដំបូងខេត្ត , អគ្គនាយកគ្រឹះស្ថានអង្គរ , ស្នងការនគរបាលខេត្ត , មេបញ្ជាការកងរាជអាវុធហត្ថខេត្ត , ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត , អភិបាលក្រុងសៀមរាប មន្ត្រីអ្នកមុខអ្នកការក្នុងខេត្ត អាជ្ញាធរមូលដ្ឋាន និងសមាគមកាណូតទ្រទ្រង់ជីវភាពកំពង់ផែ ស៊ូ ជីង ចុះពិនិត្យមើលស្ថានភាពទីតាំងកំពង់ផែក្រុមហ៊ុន ស៊ូ ជីង ដែលស្ថិតនៅក្នុងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដើម្បីគ្រប់គ្រងបណ្ដោះអាសន្ន បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចដកហូត ហើយប្រគល់ឲ្យរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរជាអ្នកគ្រប់គ្រងជាបណ្តោះអាសន្នវិញនោះ។

ក្នុងឱកាស នៃការចុះពិនិត្យ និងអនុវត្តនេះ ក្រុមការងារចម្រុះ បានសម្រេចដកហូតទីតាំងទាំងមូល ដោយបានធ្វើការបិទ និងហ៊ុព័ទ្ធទីតាំងអគាររបស់ក្រុមហ៊ុនចំនួន ២អគារ គឺ៖ ១.ទីតាំងការិយាល័យបម្រើការងារបស់ក្រុមហ៊ុន និង២. ទីតាំងរោងយានដ្ឋានជួសជុលគ្រឿងចក្ររបស់ក្រុមហ៊ុន ព្រមទាំងមិនអនុញ្ញាតឱ្យមានការចេញ-ចូល ក្នុងបរិវេណទីតាំងដែលត្រូវបានហ៊ុព័ទ្ធ ពិសេសសន្តិសុខប្រចាំការរបស់ក្រុមហ៊ុនចំនួន ៦នាក់ ដែលនៅយាមទីតាំងវិនិយោគនេះ ក្រុមការងារចម្រុះបានណែនាំឱ្យធ្វើការចាកចេញពីទីតាំងវិនិយោគចាប់ពីថ្ងៃចុះអនុវត្តនេះតទៅ ព្រោះទីតាំងនេះត្រូវបានដកហូត និងគ្រប់គ្រងជាបណ្ដោះអាសន្នដោយរដ្ឋបាលខេត្ត និងគ្រឹះស្ថានអង្គរ ។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានណែនាំដល់កម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត និងក្រុមការងារខេត្តប្រចាំការនៅទីតាំងកំពង់ផែដែលបានដកហូតនេះ ត្រូវយកចិត្តទុកដាក់ និងពង្រឹងលើការរៀបចំសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយទូទៅ និងដោះស្រាយបញ្ហានានា ដើម្បីសម្រួលដល់ដំណើរការជាប្រក្រតី ជូនប្រជាពលរដ្ឋ និងសមាគមកាណូតដឹកភ្ញៀវ ដែលកំពុងប្រកបរបរនៅក្នុងទីតាំងនោះ ឱ្យដំណើរការជាធម្មតារហូតដល់មានការសម្រេចសារជាថ្មី ពីគណ:កម្មការអន្តរក្រសួង។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានណែនាំដល់ក្រុមការងារចម្រុះ ត្រូវធ្វើការស្រង់នូវសារពើភណ្ឌទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន រួមមានអគារ និងគ្រឿងចក្រចាស់ៗមួយចំនួន ដើម្បីធ្វើការដកហូត និងគ្រប់គ្រង់ជាណ្ដោះអាសន្ន ព្រមទាំងបានជំរុញឲ្យអង្គភាព មន្ទីរជំនាញពាក់ព័ន្ធធ្វើការពិនិត្យ និងរៀបចំបណ្តាញអគ្គិសនី និងប្រព័ន្ធទឹកស្អាតឡើងវិញ ដើម្បីភ្ជាប់បណ្តាញជូនប្រជាពលរដ្ឋ ដែលកំពុងរស់នៅ និងប្រកបមុខរបរ ទាំងនៅក្នុងទីតាំង និងនៅជុំវិញទីតាំងវិនិយោគរបស់ក្រុមហ៊ុន ស៊ូ ជីង បានប្រើប្រាស់ជាធម្មតា ។

សូមបញ្ជាក់ថា អនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ ទីស្តីការគណ:រដ្ឋមន្រ្តី បានសេចក្តីជូនដំណឹងមួយ លេខ ៖ ៣៩៦ សជណ.ហធ ដោយសម្រេចលុបចោលនូវគម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍ចុងឃ្នៀស របស់ក្រុមហ៊ុន ស៊ូ ជីង និងដកហូតទីតាំងវិនិយោគទាំងស្រុងរបស់ក្រុមហ៊ុនមួយនេះ ប្រគល់ឲ្យរដ្ឋបាលខេត្តសៀមរាប និងគ្រឹះស្ថានអង្គរគ្រប់គ្រងជាបណ្ដោះអាសន្ន ហើយរាល់ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធនានា នៅទីតាំងវិនិយោគត្រូវបានចាត់ទុកជាសម្បត្តិរដ្ឋ។

កាលពីព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១កន្លងទៅនេះ លោក លី សំរិទ្ធ និងលោក ង៉ាន់ ភិរុណ អភិបាលរងខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំមួយរបស់គណ:កម្មការចម្រុះខេត្តសៀមរាប ក្នុងគោលបំណងរៀបចំបង្កើតយន្តការថ្មីមួយ ដើម្បីគ្រប់គ្រងបណ្តោះអាសន្ន កំពង់ផែបឹងទន្លេសាបចុងឃ្នៀស ហើយយន្តការថ្មីមួយត្រូវបានកិច្ចប្រជុំនេះពិភាក្សាបង្កើតឡើង ដើម្បីប្រសិទ្ធភាព នៃការគ្រប់គ្រងឲ្យបានល្អប្រសើរ និងផ្តោតការយកចិត្ត ឆ្ពោះទៅរកការតម្កល់ទុកផលប្រយោជន៍ជូនប្រជាសហគមន៍ បានអាស្រ័យផលពីកិច្ចដំណើរការគ្រប់គ្រងកំពង់ផែមួយនេះ ដែលត្រូវបានចាកចេញពីការធ្វើអាជីវកម្មវិនិយោគដោយវិស័យឯកជន និងត្រូវបានស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ ។

យន្តការគ្រប់គ្រងបណ្តោះអាសន្នកំពង់ផែចុងឃ្នៀសនេះ គឺ គ្រប់គ្រងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ការងារគ្រប់គ្រងអនាម័យបរិស្ថាន ការគ្រប់គ្រងបញ្ជីសារពើភ័ណ្ឌ និងអតីតបុគ្គលិកក្រុមហ៊ុន ការផ្គត់ផ្គង់អគ្គីសនី និងទឹក គ្រោងការចំណាយផ្សេងៗ និងការបង្កើតលេខាធិកាដ្ឋាន ដើម្បីជាសេនាធិការរបស់គណ:កម្មការចម្រុះ ដែលមានឯកឧត្ដមអភិបាលខេត្តជាប្រធាន៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

0 comments:

Post a Comment