សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Saturday, September 25, 2021

វិធានការ ៣កុំ ៣ការពារ និងវ៉ាក់សាំង រូបមន្តបញ្ជៀសការឆ្លងវីរ៉ុសកូវីដ-១៩ !

ចំនួនអ្នកទស្សនា: Views

  



សៀមរាប៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស មានប្រសាសន៍ថា យុទ្ធនាការចាក់វ៉ាក់សាំងជុំទី១ ជូនប្រជាពលរដ្ឋខេត្តសៀមរាប ចាប់ពីអាយុ១៨ឆ្នាំឡើងត្រូវបានបិទបញ្ចប់ ក៏ប៉ុន្តែរដ្ឋបាលខេត្តបានរៀបចំទីតាំង៣កន្លែង បន្តចាក់ជូនប្រជាពលរដ្ឋដែលអាក់ខានមិនទាន់បានចាក់ ហើយការចាក់វ៉ាក់សាំងដូសជម្រុញ នឹងត្រូវចាប់ផ្តើមនាដើមខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ !

ពីធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ជុំទី១ ជូនប្រជាពលរដ្ឋខេត្តសៀមរាបចាប់ពីអាយុ១៨ឆ្នាំឡើង បានធ្វើឡើង នៅសាលាខេត្តសៀមរាប ក្រោមវត្តមានរបស់លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណ:កម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស, ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប នារសៀលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ។ នៅក្នុងពិធីនេះ ក៏មានវត្តមានផងដែរ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងប្រតិភូមកពីក្រសួងសុខាភិបាល ព្រមទាំងសមាជិក សមាជិកា នៃគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងខេត្តសៀមរាប។

របាយការណ៍ ដែលបង្ហាញដោយអភិបាលខេត្តសៀមរាប ( ឯកឧត្តម ទៀ សីហា ) បានឲ្យដឹងថា៖ តាមផែនការ ប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងដែលត្រូវទទួលការចាក់វ៉ាក់សាំងដូសទី១ មានចំនួនជាង៦៨ម៉ឺននាក់ ហើយការអនុវត្តជាក់ស្តែង គិតត្រឹមថ្ងៃទី២៣ ខែកញ្ញានេះ លទ្ធផលបានចំនួនជាង៦០ម៉ឺននាក់ ស្មើនឹងជិត៩៧% នៅសល់អ្នកដែលមានលទ្ធភាពអាចចាក់បានប្រមាណជាង៣% បើគិតជាតួលេខមានប្រហែលជាង២មុឺននាក់។ ការចាក់ដូសទី២ បានចំនួនជិត ៥៨ម៉ឺននាក់ ស្មើនឹង៩៥% នៃផែនការជាង៦០ម៉ឺននាក់។ ក្រៅពីនេះ នៅមានពលរដ្ឋពុំអាចចាក់បានដោយសារមានបញ្ហាសុខភាពប្រហែលជាង ២ម៉ឺននាក់ និងប្រជាពលរដ្ឋចំណាកស្រុកពុំទាន់ទទួលបានការចាក់វ៉ាក់នេះ មានប្រមាណជាង ៣ម៉ឺននាក់ផ្សេងទៀត។

របាយការណ៍ក៏បានឲ្យដឹងបន្ថែមដែរថា ការងារចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្រោមកិច្ចសហការរវាងក្រុមការងារចម្រុះពេទ្យខេត្ត និងពេទ្យយោធានៅក្នុងយុទ្ធនាការកន្លងមកនេះ មិនត្រឹមតែបានចាក់ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងប៉ុណ្ណោះទេ តែត្រូវបានចាក់ជូនកុមារអាយុ១២ឆ្នាំ ដល់ក្រោមអាយុ១៨ឆ្នាំ និងបានចាក់ជូនផងដែរ កុមារអាយុចាប់ពី៦ឆ្នាំដល់ក្រោម១២ឆ្នាំ ដែលគិតត្រឹមថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ទទួលបានលទ្ធផលសរុបចំនួនជាង ៧៥ម៉ឺននាក់ ស្មើនឹង ៨០% នៃផែនការសរុបចំនួនជាង៩៥ម៉ឺននាក់។

លោកជំទាវ ឱ វណ្ណឌីន មានប្រសាសន៍ថា សមិទ្ធផល នៃការចាក់វ៉ាក់សាំងកូវីដ-១៩ មកដល់ពេលនេះ បើមិនមានវត្តមាន និងការខិតខំប្រឹងប្រឹងប្រកបដោយភាពទន់ភ្លន់ ការគិតគូរដ៏វៃឆ្លាត នៃសម្តេចតេជោ ហ៊ុន សែន ប្រមុខ នៃរាជរដ្ឋាភិបាលទេនោះ ប្រហែលជាកម្ពុជា មិនអាចមានវ៉ាក់សាំង ចាក់ជូនប្រជាពលរដ្ឋ ជួយសង្គ្រោះសុខភាពប្រជាពលរដ្ឋបានទាន់ពេលវេលានោះឡើយ។

លោកជំទាវ រំលឹកថា កម្ពុជាត្រូវបានបោះជំហ៊ានទៅមុខជានិច្ច លើការងារផ្តល់ការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដើម្បីពង្រឹងភាពស៊ាំក្នុងសហគមន៍ កាត់បន្ថយហានីភ័យ នៃការរាតត្បាតដោយជម្ងឺកូវីដ-១៩។ សេចក្តីរំលឹកនោះបានបញ្ជាក់ថា៖ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ កម្ពុជាប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង ថ្ងៃទី១៧ ខែកញ្ញា រាជរដ្ឋាភិបាលប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនដល់កុមារ និងយុវវ័យ ចាប់ពីអាយុ១២ឆ្នាំដល់ក្រោម១៨ឆ្នាំ បន្ទាប់មកទៀត ថ្ងៃទី១៧ ខែកញ្ញា ២០២១ សម្តេចតេជោបានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ ចាប់ពីអាយុ៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ។

យ៉ាងណាក៏ដោយ ការកាត់ផ្តាច់ការឆ្លង និងការចម្លងជម្ងឺកូវីដ-១៩ ចាំបាច់គឺមិនអាចខ្វះបាននូវការចូលរួមពីសហគមន៍ និងមានការទទួលខុសត្រូវដោយចាប់ផ្តើមចេញពីបុគ្គលម្នាក់ៗនោះទេ ក្នុងការការពារខ្លួនកុំឲ្យឆ្លងជម្ងឺកូវីដ-១៩ ។ លោកជំទាវ គូសបញ្ជាក់ថា វ៉ាក់សាំងតែមួយមុខ គឺមិនអាចធានាការឆ្លងបាននោះទេ វ៉ាក់សាំងមានគុណតម្លៃសម្រាប់បង្កើតកងការពារសរីរាង្គមនុស្សឲ្យរឹងមាំ ទប់ទល់មិនឲ្យឈានទៅរកសភាពធ្ងន់ធ្ងរ នៃជម្ងឺ និងកាត់បន្ថយបានអត្រាមរណ:ដោយការរាតត្បាត នៃកូវីដ។ រូបមន្ត បង្ការកូវីដ-១៩ គឺ ៣កុំ ៣ការពារ និងវ៉ាក់សាំង។

ប្រសាសន៍របស់លោកជំទាវ ឱ វណ្ណឌីន បានបង្ហាញនូវការផ្តាំផ្ញើជូនប្រជាពលរដ្ឋខេត្តសៀមរាប ឲ្យបានជ្រាបដែរថា នេះគឺជាការបិទបញ្ចាប់យុទ្ធនាការចាក់វ៉ាក់សាំងជុំទី១ ជូនប្រជាពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើង ក៏ប៉ុន្តែមិនមែនមានន័យថា ត្រូវបានបញ្ឈប់ការចាក់វ៉ាក់សាំងទាំងស្រុងនោះឡើយ។ ប្រជាពលរដ្ឋដែលមិនទាន់បានចាក់វ៉ាក់សាំងដោយប្រការផ្សេងៗ និងពលករចំណាកស្រុកជាដើម អាចទទួលយកការចាក់វ៉ាក់សាំងនេះបាន ដោយរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាល បានរៀបចំទីតាំងចំនួន៣កន្លែង រួមមាននៅមន្ទីរពេទ្យបង្អែកខេត្ត, មន្ទីរពេទ្យបង្អែកស្រុកអង្គរជុំ និងនៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគម។ ក៏ជាការជូនដំណឹងផងដែរ លោកជំទាវ បានឲ្យដឹងថា៖ ការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជម្រុញជូនប្រជាពលរដ្ឋ សម្រាប់ក្រុងសៀមរាបនឹងចាប់ផ្តើមដំណើរការនៅថ្ងៃទី០២ ខែធ្នូ និងបណ្តាស្រុកនានា ចាប់ផ្តើមចាក់ជូនប្រជាពលរដ្ឋនៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ តាមការកំណត់ទីតាំងដោយរដ្ឋបាលខេត្តនៅពេលក្រោយ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប សម្រួលផ្សាយដោយ៖ Dara

0 comments:

Post a Comment