សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


សូមស្វាគមន៍ គេហទំព័រ anhotnews មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។


Friday, September 10, 2021

ឯកឧត្តម ឃួង ស្រេង៖ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់ នឹងអាចបើកដំណើរការឱ្យសិស្សានុសិស្សបានចូលរៀនវិញ ចាប់ពីថ្ងៃ១៥ ខែកញ្ញា តទៅ

ចំនួនអ្នកទស្សនា: Views


ភ្នំពេញ: ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់ នឹងអាចបើកដំណើរការឱ្យសិស្សានុសិស្សបានចូលរៀនវិញ ចាប់ពីថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២១ តទៅ ក្រោយពីខកខានអស់រយៈពេលជាង៧ខែ ដោយសារការរាតត្បាតជំងឺកូវីដ-១៩ ។ ការបើកគ្រឹះស្ថានសិក្សាឱ្យសិស្សានុសិស្ស បានចូលរៀនឡើងវិញនេះ លុះត្រាតែគ្រឹះស្ថានទាំងនោះ បានបំពេញលក្ខន្តិកៈ គ្រប់គ្រាន់របស់ក្រសួងសុខាភិបាល ដែលជឿបានថា មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសំឡេង ( Video Conference ) ជាមួយអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ មន្ទីរសុខាភិបាល និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត នារសៀលថ្ងៃ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ។

ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន នឹងបើកដំណើរការឱ្យសិស្សានុសិស្សចូលរៀន ចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ តទៅ ។ ការបើកឱ្យដំណើរការនេះបាន លុះត្រាតែគ្រឹះស្ថានសិក្សាទាំងអស់ បានបំពេញលក្ខន្តិកៈ គ្រប់គ្រាន់ទាំងអនាម័យ បរិស្ថាន និងការអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាល សំដៅធ្វើយ៉ាងណាអាចធានាបានថា មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ទន្ទឹមនឹងនេះ ឯកឧត្តម ក៏បានជំរុញឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវសហការជាមួយមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ ដើម្បីធ្វើតេស្តិ៍រហ័ស ទៅលើគ្រូបង្រៀន បុគ្គលិកសិក្សាទាំងអស់ ដោយត្រូវចាប់ផ្ដើមអនុវត្តន៍ការងារនេះចាប់ពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១តទៅ ។ បើអនុវត្តន៍តាមលក្ខន្តិកៈបានល្អប្រសើរហើយនោះ គ្រឹះស្ថានសិក្សានោះនឹងដំណើរការសិក្សាឡើងវិញបាន។

ឯកឧត្តមបានបញ្ជាក់ថា ចំពោះគ្រឹះស្ថានសិក្សាឯកជនទាំងអស់ គឺត្រូវធ្វើពាក្យស្នើសុំបើកគ្រឹះស្ថានសិក្សារបស់ខ្លួនឡើងវិញ មករដ្ឋបាលរាជធានីភ្នំពេញ ហើយក្រោយពីរដ្ឋបាលរាជធានីភ្នំពេញពិនិត្យឃើញថា បានបំពេញនូវលក្ខន្តិកៈ ដែលរដ្ឋបាលរាជធានីភ្នំពេញជំរុញឱ្យអនុវត្តន៍បានល្អប្រសើរហើយនោះ គ្រឹះស្ថានទាំងនោះនឹងទទួលបានការអនុញ្ញាត ពីរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យបើកដំណើរការសិក្សាជាធម្មតាឡើងវិញ ។

ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានបន្តទៀតថា ការបើកសាលារៀននេះ គឺជាជំហានដំបូងមួយនៃការបើកឱ្យដំណើរការឡើងវិញនូវវិស័យផ្សេងៗទៀត មានន័យថា បើការបើកឱ្យដំណើរការ សិក្សាតាមគ្រឹះស្ថានអប់រំទាំងអស់ ដំណើរការល្អហើយនោះ យើងក៏នឹងអាចបន្តបើកឡើងវិញនូវវិស័យទេសចរណ៍ជាបន្តបន្ទាប់ទៀតផងដែរ។

ចំណែកលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានឱ្យដឹងថា ការបើកសាលារៀនទាំងឯកជន និងរដ្ឋឡើងវិញនេះ គឺដំណើរការតែសាលាចាប់ពីថ្នាក់ទី០៩ ទៅដល់ថ្នាក់ទី១២ប៉ុណ្ណោះ ហើយបើដំណើរការនេះឈានទៅរលូនហើយនោះ យើងនឹងគិតគូរពីថ្នាក់មត្តេយ្យសិក្សា និងបឋមសិក្សាបន្តទៀត ៕


0 comments:

Post a Comment