សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។

Sunday, January 30, 2022

លោក ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ផ្តាំផ្ញើនូវកិច្ចការជាអាទិភាពមួយចំនួន ដល់អង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាគ្រប់ថ្នាក់

ចំនួនអ្នកទស្សនា: Views

 


(ភ្នំពេញ)៖ កិច្ចប្រជុំបូកសរុបការងារយុវជនគណបក្សប្រចាំឆ្នាំ២០២១ និងលើកទិសដៅភារកិច្ចឆ្នាំ២០២២ បានប្រព្រឹត្តទៅនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានដំណើរការដោយរលូនមានរបៀបរៀបរយ និងទទួលបានជោគជ័យតាមរបៀបវារៈដែលបានកំណត់។

កិច្ចប្រជុំនេះក៏អញ្ជើញចូលរួមពីសំណាក់លោក លោកស្រីជាសមាជិក សមាជិកា យុវជនគណបក្សថ្នាក់កណ្តាល ប្រធាន អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សនៅតាមបណ្តាប្រទេស និងទ្វីប សរុបចំនួន១៨៧រូប។

លោក ហ៊ុន ម៉ាណែត បានកត់សម្គាល់ និងវាយតម្លៃអំពីសភាពការណ៍នយោបាយអន្តរជាតិ សភាពការណ៍នយោបាយក្នុងតំបន់ និងសភាពការណ៍នយោបាយជាតិ ព្រមទាំងបានវាយតម្លៃអំពីទិសដៅជាគន្លឹះ និងអាទិភាពសម្រាប់កម្ពុជា ក្នុងការបន្តរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយសង្គម និងរក្សាបាននូវលំនឹងម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ការបន្តដោះស្រាយឲ្យបាននូវបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា និងការបន្តអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតជាតិនាឆ្នាំ២០២៣ សំដៅធានាប្រៀបខ្លាំង និងប្រៀបឈ្នះជូនគណបក្សក្នុងការបោះឆ្នោតនៅគ្រប់ដំណាក់កាល។

ទន្ទឹមនោះ លោកប្រធានក៏បានផ្តល់អនុសាសន៍ផ្តាំផ្ញើនូវកិច្ចការជាអាទិភាពមួយចំនួន ដល់អង្គការចាត់តាំងយុវជនគណបក្សគ្រប់ថ្នាក់ ចាំបាច់ត្រូវសហការអនុវត្តបន្តឲ្យបានជាប់ជាប្រចាំ រួមមាន៖

*ទី១៖ ពង្រឹង និងពង្រីកអង្គការចាត់តាំងយុវជនគណបក្សនៅគ្រប់ថ្នាក់ឲ្យបានកាន់តែរឹងមាំទាំងពេលបច្ចុប្បន្ន និងអនាគត

*ទី២៖ ពង្រឹងការងារនយោបាយ ការងារចាត់តាំង និងការងារសតិអារម្មណ៍ ដើម្បីឲ្យសមាជិកគណបក្សដែលជាយុវជនមានភាពកក់ក្តៅក្នុងការចូលរួម និងបំពេញការងារ

*ទី៣៖ បណ្តុះបណ្តាល បំពាក់បំប៉នស្មារតីតាមរយៈការរៀបចំបើកវគ្គអប់រំនយោបាយ វគ្គខ្លីៗនានាដល់គ្រូបង្គោលនៅថ្នាក់រាជធានី ខេត្ត ដើម្បីបន្តរៀបចំវគ្គបណ្តុះបណ្តាលបន្តដល់យុវជននៅមូលដ្ឋានរបស់ខ្លួន

*ទី៤៖ រៀបចំនិងពង្រឹងដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដើម្បីធានាឲ្យបានថា គ្រប់ឃុំ សង្កាត់ទាំងអស់ ដឹកនាំដោយគណបក្សប្រជាជន

*ទី៥៖ យុវជនគណបក្សគ្រប់ជាន់ថ្នាក់ ត្រូវធ្វើអំពើល្អ ដើម្បីកាត់បន្ថយចរន្តប្រឆំាង និងឈានទៅទទួលបានការគាំទ្រពីប្រជាពលរដ្ឋ

*ទី៦៖ ដើម្បីធានាបានប្រៀបឈ្នះ យើងទាំងអស់គ្នាត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង និងរួមគ្នា ដើម្បីដណ្តើមជោគជ័យជូនគណបក្សប្រជាជនកម្ពុជា។

លោក ហ៊ុន ម៉ាណែត បានញ្ជាក់ថា កម្លាំងយុវជន គឺជាកម្លាំងស្នូល ក្នុងការធានាបាននូវនិរន្តភាព នៃការដឹកនាំប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ដូចនេះយុវជនគណបក្សប្រជាជនកម្ពុជា ត្រូវតែខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសង្គម តម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាអាទិភាពខ្ពស់បំផុត។

សូមបញ្ជាក់ថា កិច្ចប្រជុំបូកសរុបការងារយុវជនគណបក្សប្រចាំឆ្នាំ២០២១ និងលើកទិសដៅភារកិច្ចឆ្នាំ២០២២ បានដំណើរការដោយរលូន មានសណ្តាប់ធ្នាប់ល្អ តាមរបៀបវារៈសំខាន់ៗ រួមមាន៖ ការ បូកសរុប និងវាយតម្លៃអំពីសមិទ្ធផល បញ្ហាប្រឈមនានា និងសតិអារម្មណ៍យុវជនក្នុងការអនុវត្តទិសដៅការងារ ផែនការសកម្មភាពការងារ និងសូចនាករក្នុងផែនការសកម្មភាពការងារ ដែលបានដាក់ចេញនាពេលកន្លងមក។

បន្ថែមពីនេះ កិច្ចប្រជុំបានប្រមូលនូវធាតុចូលសំខាន់ៗ តាមរយៈការស្តាប់នូវបទអន្តរាគមន៍តំណាង ក្រុមការងារយុវជនគណបក្សក្រសួង ស្ថាប័នចំនួន៣ រួមមាន៖ ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តកំពត។ កិច្ចប្រជុំក៏បានស្តាប់ដោយយកចិត្តទុកដាក់លើខ្លឹមសារ នៃសេចក្តីព្រាងបទបញ្ជាផ្ទៃក្នុង នៃយុវជនគណបក្សថ្នាក់កណ្តាល ព្រមទាំងបានឯកភាព អនុម័ត ដើម្បីដាក់ឲ្យប្រើប្រាស់ជាផ្លូវការ៕


0 comments:

Post a Comment