សូមស្វាគមន៍ WWW.ANHOTNEWS.COM មានទទួល សេវាកម្មផ្សាយពាណិជ្ជកម្ម គ្រប់ប្រភេទ ចាងហ្វាងការផ្សាយ ទីស្នាក់ការកណ្តាល ភូមិព្រៃលាវ ឃុំ​ បន្សាបត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង ទំនាក់ទំនង Tel :017 77 74 52 ។

Wednesday, March 30, 2022

ភរិយា សម្តេចក្រឡាហោម ចែកអំណោយជូនដល់ប្រជាពលរដ្ឋចំនួន ៥២២គ្រួសារ នៅស្រុកឯកភ្នំ

ចំនួនអ្នកទស្សនា: Views

  



 បាត់ដំបង: ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ នៅថ្ងៃ១២រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៩ ខែមីនា ឆ្នាំ២០២២ លោកជំទាវ ញ៉ែម សាខន សម្តេចក្រឡា ហោម ស ខេង ប្រធានកិត្តិយសក្រុមអ្នកម្តាយមនុស្សធម៌ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និង ចែកអំណោយជូនដល់ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកចំនួន ៥២២គ្រួសារ នៅស្រុកឯកភ្នំ។

ឯកឧត្តម ស សុខា បានមានប្រសាន៍ថា ក្នុងនាមសម្តេចក្រឡាហោម និងលោកជំទាវ សូមឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន រួមគ្នាអនុវត្តគោលការ៥ចំណុច ដែលរួមមាន៖

ទី១. សូមបន្តចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ តាមរយៈការអនុវត្តរាល់វិធានការចាំបាច់នានា ដែលក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរបានណែនាំ ដោយចាប់ផ្តើមពីការការពារខ្លួនឯង សមាជិកគ្រួសារ កុំឱ្យឆ្លងជំងឺនេះ និងទទួលការចាក់វ៉ាក់សាំងឱ្យបានគ្រប់ដូស តាមដំណាក់កាលដែលរាជរដ្ឋាភិបាលផ្តល់ជូន ។ ទី២. បន្តស្វែងរកកិច្ចអន្តរាគមន៍ពីសំណាក់អាជ្ញាធរមូលដ្ឋាន ឱ្យបានទាន់ពេលវេលា ក្នុងករណីមានតម្រូវការចាំ បាច់នានា ដើម្បីអាជ្ញាធរដោះស្រាយ ឬក៏ចាត់បញ្ជូន ក៏ដូចជាមានសំណើមកកាន់ថ្នាក់លើបន្ត ។ ទី៣. សូមបងប្អូនប្រជាពលរដ្ឋ បង្កើនការដាំដុះដំណាំផ្សេងៗ ចិញ្ចឹមសត្វ និងអនុវត្តកម្មវិធីវារីវប្បកម្ម ដើម្បីលើកកម្ពស់ជីវភាព និងសម្រាលដល់ការលំបា កក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ទី៤. សូមអាជ្ញាធរមូលដ្ឋាន បន្តខិតខំប្រឹងប្រែងតាមដានរាល់ស្ថានភាពជីវភាពរបស់ប្រជាពល រដ្ឋ ដោយកំណត់មុខសញ្ញាជនរងគ្រោះ និងជនងាយរងគ្រោះក្នុងបរិការណ៍ នៃវិបត្តិកូវីដ-១៩ ឱ្យបាន ដើម្បីងាយស្រួលក្នុងការត្រៀមលក្ខ ណៈជួយអន្តរាគមន៍បានទាន់ពេលវេលា។ ពោលគឺមិនត្រូវទុកពលរដ្ឋណាម្នាក់ ដែលមានបញ្ហាឱ្យនៅរងាឯកា ដោយយើងមិនបានដឹងនោះទេ ពិសេសមិនត្រូវឱ្យមានការរើសអើងកើតឡើងឡើយ ។ ទី៥. សូមអាជ្ញាធរមូលដ្ឋាន បន្តយកចិត្តទុកដាក់ថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ដោយអនុលោមទៅតាមគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ ។

នាឱកាសនោះផងដែរ លោកជំទាវ ញ៉ែម សាខន ស ខេង និង ឯកឧត្តម ស សុខា ក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លា របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង ចែកជួនដល់ប្រជាពលរដ្ឋជួបការលំបាកចំនួន ៥២២គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម, មី១កេស, ត្រីខកំប៉ុង១យួរ, ទឹកត្រី២យួរ, ទឹកស៊ីអ៊ីវ២យួរ, អំបិល២គីឡូក្រាម, ទឹកបរិសុទ្ធ២កេស, ម៉ាស១ប្រអប់, ខោអាវកីឡា១កំប្លេ, និងថវិកាចំនួន ២ម៉ឺនរៀល ៕ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តបាត់ដំបង) សម្រួលផ្សាយដោយ៖ dara

Friday, March 25, 2022

លោក ស សុខា អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទីសដៅការងារ ឆ្នាំ២០២២ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) និងជាប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ បានអញ្ជើញជាអធិបតីភាពបើក «សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទីសដៅការងារ ឆ្នាំ២០២២ របស់ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា»

ខណៈកម្មវិធិបិទនឹងធ្វើឡើងក្រោមអធិបតីភាពរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។ កម្មវិធីនេះនឹងព្រឹត្តធ្វើឡើងរយៈពេល១ថ្ងៃពេញ មានការអញ្ជើញចូលរួមសំណាក់ថ្នាក់ដឹកនាំ សមាជិក សមាជិកាយ៉ាងច្រើនកុះករនាសណ្ឋាគារសុខាភ្នំពេញ។

លោក ស សុខា បានឱ្យដឹងថា ក្នុងការពង្រីកសកម្មភាពរបស់ខ្លួន សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានបង្កើតក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា(ក.យ.គ.) នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ជាអង្គភាពសេនាធិការ ដើម្បីបំពេញភារកិច្ច និងធ្វើសកម្មភាពនានាទាក់ទងទៅនឹងការងារយុវជន និងការផ្តល់ផលប្រយោជន៍ដល់យុវជនដែលជានិស្សិតនៅតាមគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន នៅទូទាំងប្រទេស។

នាឱកាសនោះដែរ លោក បានបន្តថា ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា មានភារកិច្ចសំខាន់ៗក្នុងការចូលរួមចំណែកលើកកម្ពស់សមត្ថភាព អប់រំសីលធម៌ និងបណ្តុះមនសិការជាតិដល់យុវជនឱ្យក្លាយទៅជាធនធានមនុស្សដ៏ល្អសម្រាប់សង្គមជាតិ ព្រមទាំងកៀរគរយុវជនដែលកំពុងសិក្សានៅតាមគ្រឹះស្ថានឧត្តមសិក្សា ឱ្យចូលរួមសហការក្នុងសកម្មភាពនានា របស់ ស.ស.យ.ក.។

លោក ស សុខា បានបញ្ជាក់ថា ដើម្បីបំពេញភារកិច្ចដ៏មានសារៈសំខាន់នេះ ក.យ.គ. បានរៀបចំរចនាសម្ព័ន្ធដែលមានលេខាធិការដ្ឋាន និងផ្នែកចំណុះចំនួន៧ រួមមាន៖ ផ្នែកយុវជនគ្រឹះស្ថានឧត្តមសិក្សា ផ្នែកហិរញ្ញវត្ថុ ផ្នែកបណ្តុះបណ្តាល អាហារូបករណ៍ និងរកការងារធ្វើ ផ្នែកទំនាក់ទំនងសាធារណៈ និងការងារសហគមន៍ ផ្នែកព័ត៌មាន និងផ្សព្វផ្សាយ ផ្នែកផែនការ និងស្រាវជ្រាវ ផ្នែកព័ត៌មានវិទ្យា និងគ្រប់គ្រងទិន្នន័យ៕


Thursday, March 24, 2022

សម្ដេចក្រឡាហោម អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលាមត្តេយ្យសិក្សា អេឌី នៅ ស្រុកបាណន់

ចំនួនអ្នកទស្សនា: Views

 



បាត់ដំបង: ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ នៅព្រឹកថ្ងៃ៦រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៣ ខែមីនា ឆ្នាំ២០២២ 

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋ មន្រ្ដី រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសិក្សា វិទ្យាល័យ ស ខេង កន្ទឺ២ ចំនួន១ខ្នង កម្ពស់២ជាន់ មាន១២បន្ទប់ និងសមិទ្ធផលនានា ស្ថិតក្នុងភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់ ខេត្តបាត់ដំបង។ នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់អំពីសមិទ្ធផលមួយចំនួនក្នុងមូលដ្ឋានស្រុកបាណន់ ក្នុងនោះសម្ដេចបានរម្លឹកអំពីការរួមចំណែករបស់អាណិកជនខ្មែរ២នាក់ រស់នៅប្រទេសស្វីស ដែលមានស្រុកកំណើតនៅទីនេះ បានជួយសាងសង់សាលាមត្តេយ្យសិក្សាដ៏ល្អ សម្រាប់ការរៀនសូត្ររបស់កុមារតូចៗ ហើយសម្ដេចពិតជារំភើបពេលបានឃើញភាពឆ្លាតវ័យរបស់កុមារតូចដែលកំពុងសិក្សា។

 សម្ដេចក៏បានថ្លែងអំណរគុណ និងកោតសរសើរក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ ដែលខិតខំប្រឹងប្រែងចុះមកកាន់មូលដ្ឋានជារៀងរាល់សប្ដាហ៍ ដើម្បីផ្សាភ្ជាប់ការងារទៅនឹងជីវភាពប្រជាពលរដ្ឋ និងរដ្ឋបាលស្រុកបាណន់ ដែលខិតខំបំពេញភារកិច្ចបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋបានល្អប្រសើរ រួមទាំងលោកគ្រូអ្នកគ្រូដែលបានខិតខំអប់រំ បណ្ដុះបណ្ដាល

សិស្សានុសិស្សដែលជាអ្នកបន្តវេនសម្រាប់ជាតិនាពេលអនាគត។ សម្ដេចក្រឡាហោម ស ខេង ក៏បានរម្លឹកអំពីអតីកាលក្រោយសម័យខ្មែរក្រហម ដែលបើទោះបីជាកម្ពុជាកាលនោះ ត្រូវបានសហគមន៍អន្តរជាតិហំព័ទ្ធសេដ្ឋកិច្ច ដោយអយុត្តិធម៌ ក៏ប៉ុន្តែថ្នាក់ដឹកនាំប្រទេសដ៏កំសត់មួយនេះ បានខិតខំតស៊ូដឹកនាំ និងគ្រប់គ្រងប្រទេសចាប់ផ្ដើមពីចំណុចសូន្យរហូតកសាងប្រទេសឱ្យមានការរីកចម្រើនដូចសព្វថ្ងៃ។

 ធ្វើឱ្យមានការគាំទ្រពីប្រជាពលរដ្ឋ និងការគាំទ្រពីសហគមន៍អន្តរជាតិ។ ក្នុងពិធីនោះដែរ សម្ដេចក៏រម្លឹកជាថ្មីទៀត អំពីការបែងចែកតួនាទី ភារកិច្ចទទួលខុសត្រូវក្នុងភាពជាមន្រ្តីមុខងារសាធារណៈ និងភាពជាអ្នកនយោបាយ ដើម្បីពង្រឹងនីតិរដ្ឋនិងបញ្ចៀសការប្រកាន់និន្នាការ។

 សម្ដេចបន្តថា សមិទ្ធផលសាធារណៈ មានសាលារៀនជាដើម ទោះបីដាក់ឈ្មោះសម្ដេច ឬសម្តេចតេជោ ជាអនុប្រធាន និងប្រធានគណបក្សប្រជាជនកម្ពុជាក្ដី ប៉ុន្តែទីនេះជាកន្លែងផ្ដល់សេវាអប់រំជូនកូនចៅប្រជាពលរដ្ឋទូទៅ និងបម្រើឱ្យប្រយោជន៍សាធារណៈ ។ 

 សម្ដេចឧបនាយករដ្ឋមន្រ្តី ក៏បានជម្រាបជូនប្រជាពលរដ្ឋផងដែរ អំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការងារកំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើយ៉ាងណាឱ្យរដ្ឋបាលក្រុង និងស្រុកជាដើម កាន់តែមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការបម្រើសេវាសាធារណៈ និងការសម្រេចចិត្តទាំងឡាយ ដែលឆ្លើយតបតាមសេចក្ដីត្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។

 សម្ដេចក៏លើកឡើងអំពីគុណតម្លៃ នៃការបោះឆ្នោតឃុំ-សង្កាត់ ដែលប្រជាពលរដ្ឋមានសិទ្ធិជ្រើសរើសមេដឹកនាំឃុំ-សង្កាត់របស់ខ្លួន៕ ដោយ ណយ នឿន (ប្រភព:រដ្ឋបាលខេត្តកណ្តាល) សម្រួលផ្សាយដោយ៖ dara






Wednesday, March 16, 2022

រដ្ឋបាលខេត្តប៉ៃលិន បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ លើកទិសដៅការងារ ២០២២

ចំនួនអ្នកទស្សនា: Views



ប៉ៃលិន  ៖ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅការងារ ២០២២ របស់រដ្ឋបាលខេត្ត ប៉ៃលិន  នាព្រឹកថ្ងៃទី១៥  ខែមីនា ឆ្នាំ ២០២២  លោកជំទាវ  បាន  ស្រីមុំ  អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន  បានមានប្រសាសន៍ថា៖ ការបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តប៉ៃលិន  នាពេលនេះជាការឆ្លុះបញ្ចាំងអោយឃើញពីស្នាដៃ លទ្ធផលការងារគ្រប់គ្រងតាមបណ្តាអង្គភាព មន្ទីរ ស្ថាប័នជុំវិញខេត្តសម្រេចបានក្នុងរយៈពេលមួយឆ្នាំមកនេះ ក្នុងការអនុវត្តកម្មវិធីនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាលកម្ពុជា នូវគោលនយោបាយយុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤ នៃអណត្តិទី៦ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ អង្គសន្និបាតនេះដែរ នឹងទទួលបាននូវធាតុចូលពីគ្រប់តួអង្គ  ពាក់ព័ន្ធ រដ្ឋបាលខេត្តដោយផ្តោតលើវិធានការទប់ស្កាត់បទល្មើសនានា និងអត្ថប្រយោជន៍នៃការចុះបញ្ជីដីធ្លី ព្រមទាំងការផ្ដល់សេវារដ្ឋបាល នៅតាមថ្នាក់ឃុំសង្កាត់។ 


លោកជំទាវ បន្តថា  ដោយឡែកការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបាលខេត្តមានកិច្ចសហការ ពីរមន្ទីរ អង្គភាពពាក់ព័ន្ធ រដ្ធបាលក្រុង-ស្រុក បានខិតខំប្រឹងប្រែងសហការអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងវិធានការណែនាំរបស់ក្រសួងសុខាភិបាល ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ទូទាំងខេត្តប៉ៃលិន  ប្រកបដោយប្រសិទ្ធភាពខ្ពស់។ដើម្បីឆ្លើយតបនឹងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការនានា ក្នុងនោះមានកម្មវិធីជំនួយសង្គម ដើម្បីជួយដោះស្រាយជីវភាពប្រជាពលរដ្ឋដែលទទួលរងផលប៉ះ ពាល់ដោយជំងឺកូវីដ-១៩ មានដូចជា ការឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ការផ្តល់សាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះអំឡុងពេលកូវីដ-១៩, ការបើកផ្ដល់សាច់ប្រាក់កម្មវិធី ជំនួយសង្គមក្រោយពេលបិទខ្ទប់សម្រាប់គ្រួសារ ប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព គ្រួសារឆ្លងជំងឺកូវីដ~១៩ និងគ្រួសារដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ២០២១។ 

លោកជំទាវ អភិបាលខេត្ត ក៏បានស្នើដល់អង្គសន្និបាតទាំងមូល ចូលរួមផ្ដល់យោបល់អោយបានផុលផុស ដើម្បីជាធាតុចូលក្នុងការអនុវត្តទិសដៅរបស់រដ្ឋបាលប៉ៃលិន  សម្រាប់ឆ្នាំ២០២២ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ស្របតាមគោលនយោបាយកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា និងសូមអោយសមាជិក សមាជិការក្នុងអង្គសន្និបាតទាំងមូល ប្រកាន់អោយបានខ្ជាប់ខ្ជួននូវវិធាន “៣ការពារ ៣កុំ” ពិសេសការពាក់ម៉ាសអោយបានជាប់ជាប្រចាំ រក្សាគម្លាត ការសម្អាតដៃដោយសាប៊ូ-អាកុលអោយបានញឹកញាប់ ។ ករណីមានបញ្ហាសុខភាព ឬមានរោគសញ្ញាសង្ស័យណាមួយពាក់ព័ន្ធជំងឺកូវីដ-១៩ សូមប្រញាប់ ទាក់ទងជាបន្ទាន់ជាមួយក្រុមគ្រូពេទ្យដែលប្រចាំការនៅទីនេះ ដើម្បីត្រួតពិនិត្យសុខភាព ស្វែងរកជំងឺកូវីដ ១៩ ។

សូមបញ្ជាក់ថា សន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តប៉ៃលិន  នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១៦  ខែមីនា ឆ្នាំ២០២២ស្អែកនេះ ក្រោមអធិបតីភាព ឯកឧត្ដម នាយ ឧត្ដមសេនីយ៍  អ៊ី  ឈាន  រដ្ឋលេខាធិការ ក្រសួង ការពារ ជាតិ  និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន។







Saturday, March 5, 2022

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលអគារសិក្សានៃគ្រឺះស្ថានសិក្សា ចំនួន០៣ ក្នុងរាជធានីភ្នំពេញ

ចំនួនអ្នកទស្សនា: Views




ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងទ័ពជើងគោក បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលអគារសិក្សានៃគ្រឺះស្ថានសិក្សាចំនួន ០៣ នៅរាជធានីភ្នំពេញ មាន សាលាបឋមសិក្សា-អនុវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ដង្កោ , សាលាបឋមសិក្សាស្ពានថ្ម ខណ្ឌដង្កោ និងសាលាបឋមសិក្សា ព្រែកប្រាក្រោម ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២២ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប បានក្រេបជញ្ជក់យកចំណេះវិជ្ជា ដើម្បីអភិវឌ្ឍខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ ។ 

 ក្នុងឱកាសនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានអបអរសាទរចំពោះដំណើរទៅមុខ ដែលកើតចេញពីការរួមគ្នា​កសាងថ្នាលបណ្តុះបណ្តាលគ្រាប់ពូជនៃធនធានមនុស្សដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ដែលគ្រាប់ពូជទាំងនេះ នឹងលូតលាស់ ធំធាត់រីកដុះដាលសាយភាយទាំងក្នុង និងក្រៅប្រទេស និងសូមបន្តក្រើនរំឭកផងដែរដល់យុវជន-យុវនារីកម្ពុជា ឱ្យខិតខំប្រឹងប្រែង រៀនសូត្រឱ្យបានខ្ពង់ខ្ពស់ ដើម្បីក្លាយខ្លួនជាសសរទ្រូងដ៏រឹងមាំ ប្រកបដោយសមត្ថភាពខ្ពស់ សម្រាប់ឱកាសបន្តវេនក្នុងការចូលរួម ចំណែកកសាងសង្គមជាតិ និងជាគំរូវីរភាពពីមួយជំនាន់ទៅមួយជំនាន់។

 ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏សូមថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បុគ្គលិកអប់រំ និងលោកគ្រូ អ្នកគ្រូ ក្នុងរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងប្រទេស ដែលបាននិង កំពុងយកចិត្តទុកដាក់លើការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ និងមានប្រសិទ្ធភាព ជាពិសេសបាន ចូលរួមយ៉ាងសកម្មក្នុងការប្រយុទ្ធនឹងជំងឺកូវី-១៩ រហូតបានទទួលជោគជ័យគួរជាទីមោទនៈ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានក្រើនរំឭកដល់យុវជន-យុវនារីកម្ពុជា ឱ្យខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានខ្ពង់ខ្ពស់ ដើម្បីក្លាយខ្លួនជាសសរទ្រូងដ៏រឹងមាំ ប្រកបដោយសមត្ថភាពខ្ពស់ សម្រាប់ឱកាសបន្តវេនក្នុងការចូលរួមចំណែកកសាងសង្គមជាតិ ។

 ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានគោរព ថ្លែងអំណរគុណចំពោះ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាល តែងបានយកចិត្តទុកដាក់គិតគូរជាអាទិភាព ដល់វិស័យអប់រំ និងការបណ្តុះធនធានមនុស្សនៅកម្ពុជា តាមរយៈការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី ថវិកានិងសម្ភារៈ ដើម្បីកសាង សាលារៀនទូទាំងប្រទេស ប្រយោជន៍ក្នុងការផ្តល់ឱកាសឱ្យកូនចៅប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ក្នុងការក្រេបជញ្ជក់ យកចំណេះវិជ្ជា ដើម្បីអភិវឌ្ឍខ្លួន ក្រុមគ្រួសារ និងសង្គមជាតិ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា សម្តេចតេជោ បានយកការសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ជាកត្តាចម្បង ដែលសក្ខីភាពនេះ ត្រូវបានឆ្លុះបញ្ចាំងយ៉ាងច្បាស់តាមរយៈជោគជ័យនៃយុទ្ធនាការប្រឆាំងនឹងជំងឺកូវីដ-១៩ ។ 

ទោះបីស្ថានការណ៍នៃសង្រ្គាមកូវីដ-១៩នេះ មិនទាន់ចប់ក៏ពិតមែន ប៉ុន្តែយើងអាចគ្រប់គ្រងបញ្ហាដែលទាក់ទិននឹងជំងឺនេះ ដោយសម្តេចបានការពារអាយុជីវិតរបស់ប្រជាពលរដ្ឋពីការស្លាប់ដោយសារជំងឺរាតត្បាតសាកលនេះ តាមរយៈការកៀរគរ ស្រោចស្រពវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋខ្មែរ និងបរទេសនៅទូទាំងផ្ទៃប្រទេស ដើម្បីធ្វើជាខែល និងជាអាវក្រោះដ៏រឹងមាំ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលយ៉ាងត្រចះត្រចង់។ 

 ទន្ទឹមនឹងនេះ កត្តាជោគជ័យក្នុងទិដ្ឋភាពមួយទៀត គឺស្តែងឡើងតាមរយៈការជឿទុកចិត្តមកលើ សម្តេចតេជោនាយករដ្ឋមន្ត្រី ពីសំណាក់ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៅពេញផ្ទៃប្រទេស ដោយម្នាក់ៗបានចូលរួម ចាក់វ៉ាក់សាំងសម្រាប់ការពារខ្លួន ការពារក្រុមគ្រួសារ និងសហគមន៍ បានគ្រប់ៗគ្នា។ 

ប្រសិនបើយើងក្រទ្បេកទៅមើលទង្វើរបស់អ្នកនយោបាយអគតិជ្រុលនិយមមួយចំនួនវិញ គឺពួកគេមិនបានធ្វើអ្វី ក្រៅតែពី ការព្យាយាមឆក់យកឱកាសនេះបញ្ចុះបញ្ចូល បំភ្លៃការពិត និងធ្វើការឃោសនាអុចអាលរកលេសចោទប្រកាន់រាជរដ្ឋាភិបាល កម្ពុជាតាមគ្រប់រូបភាពយ៉ាងងងឹតងងុល ដោយគ្មានសកម្មភាពណាមួយ ដែលជួយជាប្រយោជន៍ដល់ប្រជាជន និងប្រទេស ជាតិឡើយ ៕

 


Tuesday, March 1, 2022

រដ្ឋមន្ត្រី ជា វ៉ាន់ដេត៖ រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយ ប្រែក្លាយកម្ពុជា ជាសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖
 លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្នាំ២០៣៥ ដោយមានចក្ខុវិស័យប្រែក្លាយកម្ពុជា ជាសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាចាប់ផ្តើម ការអនុវត្តគម្រោង «ការបង្កើតក្របខណ្ឌ និងយុទ្ធសាស្រ្តអក្ខរកម្ម ប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថលថ្នាក់ជាតិ» ផ្តួចផ្តើមដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រោមជំនួយបច្ចេកទេសរបស់អង្គការ យូណេស្កូប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយ ដល់ភាគីពាក់ព័ន្ធអំពីទស្សនទានទូទៅ នៃអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថល និងដើម្បីប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ក្នុងការរៀបចំបង្កើតក្របខណ្ឌ និងយុទ្ធសាស្រ្តអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថលថ្នាក់ជាតិ។

គម្រោងនេះ នឹងបង្កើតចេញជាសេចក្ដីព្រាងឯកសារសំខាន់២គឺ៖

១៖ ក្របខណ្ឌអក្ខរកម្ម MIDL ថ្នាក់ជាតិរួមមួយ ដែលនឹងកំណត់ពីក្របខណ្ឌសមត្ថភាព និងកម្រិតជំនាញប្រើប្រាស់បច្ចេកវិទ្យាឌីជីថលសំខាន់ៗ ស្របតាមបរិបទជាក់ស្តែងរបស់កម្ពុជា និងការវិវត្តរបស់បច្ចេកវិទ្យានាពេលបច្ចុប្បន្ន។

២៖ យុទ្ធសាស្រ្តលើកកម្ពស់អក្ខរកម្ម MIDL ដែលក្នុងនោះ នឹងកំណត់ចេញនូវភាគីពាក់ព័ន្ធ និងកម្មវិធីជាច្រើនដែល យើងត្រូវបន្តអនុវត្តរួមគ្នាបន្ថែមទៀត។

លទ្ធផលទាំងពីរ នឹងគាំទ្រដល់ដំណើរការប្រែក្លាយកម្ពុជា ជាសេដ្ឋកិច្ចនិងសង្គមឌីជីថលដ៏រស់រវើក ក្នុងឆ្នាំ២០៣៥ ខាងមុខ។

ថ្លែងក្នុងអង្គសិក្ខាសាលានាឱកាសនេះ លោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវ គោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថល ឆ្នាំ២០៣៥ ដោយមានចក្ខុវិស័យប្រែក្លាយកម្ពុជា ជាសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក តាមរយៈការបង្កើតនូវមូលដ្ឋានសំខាន់ៗ ដើម្បីជំរុញការទទួលយក និងការផ្លាស់ប្តូរឌីជីថល គ្រប់ផ្នែកទាំងអស់ ទាំងផ្នែករដ្ឋាភិបាល អាជីវកម្ម និងប្រជាពលរដ្ឋ។

ដើម្បីសម្រេចបាននូវចក្ខុវិស័យខាងលើនេះ គោលនយោបាយនេះ មានអាទិភាពជាយុទ្ធសាស្រ្តសំខាន់មួយគឺ ការជំរុញប្រែក្លាយពលរដ្ឋកម្ពុជាជាពលរដ្ឋឌីជីថល។ ទិសដៅក្នុងការផ្លាស់ប្តូរនេះ គឺដើម្បីចាប់យកប្រយោជន៍អតិបរិមា ពីការវិវត្តរបស់បច្ចេកវិទ្យាគមនាគមន៍ព័ត៌មាន ជំរុញផលិតភាព និងប្រសិទ្ធិភាពសេដ្ឋកិច្ច ជំរុញកំណើន និងស្ថាបនាសង្គមដ៏ស៊ីវិល័យមួយ។

ក្នុងនោះ ពលរដ្ឋឌីជីថលកម្ពុជាគ្រប់រូប អាចទទួលបានប្រយោជន៍ពីការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយបរិយាប័ន្ន និងជំនឿទុកចិត្តខ្ពស់ ដោយនៅរក្សាបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិ។

ជាក់ស្ដែងថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ដែលមានចក្ខុវិស័យកសាងរដ្ឋាភិបាលឌីជីថល ដើម្បីលើកកម្ពស់គុណភាពជីវិត តាមរយៈការបម្រើសេវាសាធារណៈ កាន់តែប្រសើរ។

គោលនយោបាយនេះ មានគោលដៅជាយុទ្ធសាស្ត្រចំនួន៤ និងយុទ្ធសាស្ត្រចំនួន១០ ដែលក្នុងចំណោមយុទ្ធសាស្ត្រ ទាំង១០នេះ មានយុទ្ធសាស្ត្រមួយ បានផ្ដោតលើការកសាងមូលធនមនុស្សឌីជីថល។

លើសពីនេះទៅទៀត លោករដ្ឋមន្ត្រី បានបន្ថែមថា គម្រោង «ការបង្កើតក្របខណ្ឌ និងយុទ្ធសាស្រ្តអក្ខរកម្មប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មាន និងឌីជីថល (MIDL) ថ្នាក់ជាតិ» គឺជាការបោះជំហានទៅមុខមួយទៀតដ៏សំខាន់ សំដៅដល់ការរៀបចំ ក្របខណ្ឌជាតិរួមមួយ ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយ អាចប្រើប្រាស់សម្រាប់វាស់ស្ទង់សមត្ថភាពនិងកម្រិតអក្ខរកម្ម MIDL របស់ប្រជាពលរដ្ឋបានត្រឹមត្រូវច្បាស់លាស់។

ក្របខណ្ឌនេះ ក៏នឹងក្លាយទៅជាមូលដ្ឋានចាំបាច់ ដល់ក្រសួង-ស្ថាប័ន រួមទាំងអ្នកពាក់ព័ន្ធផ្សេងៗទៀត ក្នុងការរៀបចំកម្មវិធី បណ្តុះបណ្តាល បានច្បាស់លាស់ និងទូលំទូលាយ សមស្របតាមស្ថានភាពជាក់ស្តែងនៅប្រទេសកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានស្នើដល់លោក លោកស្រី មន្ត្រីគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធបន្តគាំទ្រ ដល់សកម្មភាពនៃការរៀបចំក្របខណ្ឌ និងយុទ្ធសាស្រ្តថ្នាក់ជាតិ ជាមួយក្រុមការងារក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអ្នកជំនាញការរបស់អង្គការយូណេស្កូបន្ថែមទៀត។

លោកថា មតិយោបល់ធាតុចូលរបស់លោក លោកស្រី គឺបង្ហាញភាពជាម្ចាស់កម្មសិទ្ធិ នៃកិច្ចការនេះ និងការចូលរួមមានតម្លៃ មិនអាចកាត់ថ្លៃបានក្នុងការធ្វើឲ្យក្របខណ្ឌនេះមានភាពសមស្រប មានគុណភាព ឆ្លើយតបនឹងតម្រូវការជាក់ស្តែង របស់ប្រទេសជាតិយើង៕